ម៉ាឡេស៊ីនឹងបោះឆ្នោតនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ចំពេលមានការព្រួយបារម្ភពីរដូវមូសុង
គូឡាឡាំពួរ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតទូទៅលើកទី១៥ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។
ប្រធាន EC លោក Abdul Ghani Salleh បាននិយាយថា ថ្ងៃតែងតាំងនឹងធ្វើឡើងនៅថ្ងៃទី 5 ខែវិច្ឆិកា ខណៈពេលដែលការបោះឆ្នោតមុនកំណត់នឹងត្រូវធ្វើឡើងនៅថ្ងៃទី 15 ខែវិច្ឆិកាខាងមុខ។
ប្រធាន EC លោក Abdul Ghani Salleh បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “រយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតត្រូវបានកំណត់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃតែងតាំងរហូតដល់ម៉ោង ១១ និង៥៩នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា”។
លោក Abdul Ghani ក៏បាននិយាយផងដែរថា ការបោះឆ្នោតត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយអស់ ១.០១ ពាន់លានដុល្លារ RM (២១៣លានដុល្លារ) ។ មនុស្សជាង ២១លាននាក់នឹងមានសិទ្ធិបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោត។
លោកបានបន្តថា ការដាក់ពាក្យសម្រាប់អ្នកបោះឆ្នោតប្រៃសណីយ៍ នៅបរទេស នឹងបិទនៅថ្ងៃទី ២៣ តុលា។
កាលពីថ្ងៃទី ១០ខែតុលា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសថា សភាត្រូវបានរំលាយ ដោយបើកផ្លូវសម្រាប់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅមុនដំណាច់ឆ្នាំ៕ ប្រភពពី CNA, ដោយ៖ សារ៉ាត


