អូស្ត្រាលី​​ប្តេជ្ញា​ពង្រឹក​កិច្ច​​សហការ​​យោធា​​ជាមួយ​​ឥណ្ឌូនេស៊ី​

អូស្រ្តាលី៖ប្រទេសអូស្ត្រាលីបាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ត​ផ្តល់​ការ​ហ្វឹក​ហ្វឺន​យោធា ​ធ្វើ​សមយុទ្ធ​រួម​ និង​ការ​នាំ​ចេញ​អាវុធ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ បើ​ទោះ​បី​ជា​​អំពើ​ហិង្សា ​និង​ការ​ចោទ​ប្រកាន់​ពីបទ​​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ចម្រូង​ចម្រាស់​នៃ​ខេត្ត​ប៉ាពួ​ខាង​លិច​ ​មាន​ការ​កើន​ឡើង​​ក៏​ដោយ​។

​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី​បាន​​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ផ្ដល់​​ទៅ​ឱ្យ​បណ្ដាញ​​ព័ត៌មាន​ Al Jazeera ​នៅ​ថ្ងៃ​ពុធ​ ទី​ ១៩ ខែ​តុលា​ថា​ រដ្ឋាភិបាល​ថ្មី​របស់​លោក​ប្រធានាធិបតី​ Anthony Albanese ​ដែល​ជាប់​ឆ្នោត​កាល​ពី​ខែ​ឧសភា​ ​នឹង​បន្ត​កិច្ច​សហការ​យោធា​ជាមួយ​ឥណ្ឌូណេស៊ី​។

ក្រសួង​ថ្លែង​​យ៉ាង​ដូច្នេះ​​ថា​៖ «​​ឥណ្ឌូនេស៊ី​គឺ​ជា​ដៃគូ​ដ៏​សំខាន់​បំផុត​មួយ​របស់​អូស្ត្រាលី​។​ ​​អូស្ត្រាលី​នឹង​បន្ត​ធ្វើ​សមយុទ្ធ​រួម​ ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​យោធា ​និង​គោល​នយោបាយ​ និង​​នាំ​ចេញ​​សម្ភារៈ​យោធា​ទៅ​​ឥណ្ឌូនេស៊ី​ ដោយ​សម​ស្រប​តាម​ច្បាប់​»។

កន្លង​មក​ទោះ​បី​​​ជា​មាន​ការ​មិន​ត្រូវ​រូវ​គ្នា​​ខ្លះ​ៗ​​ក៏​ដោយ​ ​អូស្ត្រាលី​នៅ​តែ​មាន​ទំនាក់​ទំនង​យោធា​យូរ​អង្វែង​ជាមួយ​ឥណ្ឌូនេស៊ី​ តាម​ស​បញ្ជាក់​ឱ្យ​ឃើញ​តាម​រយៈ​ការ​​ហ្វឹក​ហ្វឺន​យោធា​រួម​គ្នា​ និង​ការ​ផ្គត់​ផ្គង់​អាវុធជាដើម​។ក្នុង​ឆ្នាំ​២០១៤​ក្រុមហ៊ុន​យោធា​អូស្រ្តាលី​​ Thales Australia ​​បាន​លក់​នាវា​ដឹក​​ទាហាន​​ Bushmaster ​ចំនួន​បីគ្រឿង​ទៅ​ឱ្យ​​អង្គភាព​យោធា​ Kopassus ​ដែល​ជា​កង​កម្លាំង​ពិសេស​របស់​កងទ័ព​​​ឥណ្ឌូនេស៊ី​។

អង្គភាពយោធា​ឥណ្ឌូណេស៊ី​ ​ដូច​ជា​ Kopassus បាន​ធ្វើ​សមយុទ្ធ​​​ជាមួយកម្លាំង​​ពិសេស​របស់​អូស្រ្តាលី​ SAS ​​ខណៈ​ពេល​​កម្លាំង​ប្រឆាំង​ភេរវកម្មឥណ្ឌូណេស៊ី​​ Detachment 88 ​​ដែល​​​បង្កើត​ឡើង​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​កោះ​បាលី​ឆ្នាំ​ ២០០២​ ​​ទទួល​បាន​មូលនិធិ​ និង​ការ​បណ្តុះ​បណ្តាល​ពី​​អូស្ត្រាលី ​និង​សហរដ្ឋ​អាមេរិក​។​

​គំនិត​ផ្តួច​ផ្តើម​បែប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កាត់​បន្ថយ​ការ​គំរាម​កំហែង​ពី​ក្រុម​ជ្រុល​និយម​ ប៉ុន្តែ​កង​កម្លាំង​ឥណ្ឌូណេស៊ី​ នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​លើ​ការ​ចោទ​ប្រកាន់​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​នៅ​ខេត្តប៉ាពួ​ខាង​លិច ​ ជា​កន្លែង​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ តស៊ូទាម​ទារ​ឯករាជ្យ​អស់​រយៈ​ពេល​ ៥០​ ឆ្នាំ​មក​ហើយ​។

គួរ​រំឭក​ថា​ ឥណ្ឌូណេស៊ី​​បាន​ចូលកាន់​កាប់​​​ប៉ាពួ​ខាង​លិច​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ ក្រោម​កិច្ច​ព្រម​ព្រៀង​ក្រុង​ញូវយ៉ក​ ដែល​ផ្ទេរ​​​ការ​គ្រប់​គ្រងតំបន់​សម្បូរ​ធន​ធាន​​ធម្មជាតិ​មួយ​នេះ​​​​ពី​ហូឡង់​ទៅ​ឥណ្ឌូណេស៊ី​ ​ហើយ​បន្ទាប់​មក​ធ្វើ​ការ​​​​គ្រប់​គ្រង​តំបន់​នោះ​ជា​ផ្លូវ​ការ​ តាម​រយៈ​ការ​ធ្វើ​ប្រជាមតិ​ដ៏​ចម្រូង​ចម្រាស​ ដែល​​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ ក្នុង​ឆ្នាំ​ ១៩៦៩​។  

មក​ទល់​ពេល​នេះ​ ​បញ្ហា​នេះ​​បាន​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ច្រើន​ដង​ រវាង​កង​កម្លាំង​តស៊ូ​​ក្នុង​តំបន់​ និង​កង​កម្លាំង​របស់​ឥណ្ឌូណេស៊ី​ និង​បង្ក​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ លើ​កម្លាំង​របស់​ឥណ្ឌូណេស៊ី​ ពី​ក្រុង​សិទ្ធិ​មនុស្ស​៕ 

ដោយ៖ហួន ឌីណា ប្រភព៖ Australia committed to military cooperation with Indonesia

ads banner