ក្រសួងមុខងារសាធារណៈ៖ ការចំណាយលើប្រាក់បៀវត្សមន្ត្រីរាជការគឺមិនមានហានិភ័យទេ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងបញ្ជាក់អំពីថវិការបស់រដ្ឋ ដែលបានចំណាយ​លើ​ប្រាក់បៀវត្សជាប្រចាំរបស់មន្ត្រីរាជការក្នុងពេលបច្ចុប្បន្ន គឺមិនលើសពីការកំណត់របស់រដ្ឋ​នោះទេ។ ការថ្លែងនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមទ្ធិផលសម្រេចបាន៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២០ តុលាឆ្នាំ២០២២ ។

ឆ្លើយតបទៅនឹងការព្រួយបារម្ភដែលថា រដ្ឋអាចនឹងចំណាយច្រើនហួសហេតុទៅលើប្រាក់បៀវត្ស របស់មន្ត្រីរាជការ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានគូសបញ្ជាក់ថា ចំនួនទឹក ប្រាក់ដែលរដ្ឋបានចំណាយកន្លងមកគឺមិនមានអ្វីជាហានិភ័យនោះទេ។លោកបន្តថា៖ «មិនមានអ្វីជា​ហានិភ័យ ព្រោះថា ប្រាក់បៀវត្សអប្បបរិមារបស់មន្ត្រីរាជការបច្ចុប្បន្នគឺ ១លាន១សែន ៧ម៉ឺនរៀល ដែលកម្រិតប៉ុណ្ណេះគឺសមស្របទៅនឹងលទ្ធភាពរបស់រដ្ឋ ក៏ដូចជាទំហំការងាររបស់មន្ត្រី រាជការ»។

ឯកឧត្តមបន្ថែមថា៖ «ថវិកាដែលរដ្ឋបានបើកជូនមន្ត្រីរាជការស៊ីវិលប្រចាំខែគឺមានជិតមួយរយលាន ដោយចំនួននេះមិនរាប់បញ្ចូលប្រាក់បៀវត្សយោធា ប៉ូលីសនោទេ! ហើយការចំណាយទាំងមន្ត្រីរាជ ការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ គឺមិនលើសពីការកំណត់ឡើយ»។

លោកបានលើកជាឧទាហរណ៍ពីការចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២២ នេះមានសមាមាត្រ​ស្មើ នឹង៤៥,៣ភាគរយនៃចំណាយចរន្តថវិកាជាតិ ឬស្មើនឹង ៦,៩៧ភាគរយ នៃផលិតផល ក្នុងស្រុក សរុប​(ផសស,GDP)។ដូច្នេះហើយបើមើលតាមចំនួនជាក់ស្ដែងនេះគឺមិនមានអ្វីចោទជាបញ្ហានោះទេ។

លោកក៏បានបញ្ជាក់ផងដែរ អំពីការព្យាយាមធ្វើឱ្យមានភាពស្មើគ្នានៃលំហូរចរន្ដសេដ្ឋកិច្ច ដោយ​មិនឱ្យប្រាក់បៀវត្សមន្ត្រីរាជការខ្ពស់ពេករហូតនាំឱ្យមានឱនភាពសេដ្ឋកិច្ច ឬទាបពេកដែលនាំ ឱ្យប៉ះ ពាល់ដល់ប្រសិទ្ធភាពបំពេញការងារ។ដូច្នេះហើយ បានជាគ្រូបង្រៀននិយាយដោយឡែក មានប្រាក់ គាំទ្រផ្សេងៗទៀតដូចជាប្រាក់តំបន់ និងប្រាក់ថែមម៉ោងជាដើម។

គួរបញ្ជាក់ថា មន្ត្រីរាជការសរុបចំនួន ២១១ .០៩៤នាក់ (ស្ត្រី៨៧.៥១៩នាក់ ស្មើនឹង ៤១.៤៦%)។ ក្នុងនោះថ្នាក់ជាតិចំនួន៣៨.២៥០នាក់ស្មើនឹង១៨.១២ភាគរយ (ស្រ្តី១១.៧៨៦នាក់ ស្មើ នឹង៣០​.៨១%)និងថ្នាក់ក្រោមជាតិចំនួន១៧២.៨៤៤ស្មើនឹង៨១.៨៨ភាគរយ(ស្ត្រី៧៥៧៣៣នាក់ ស្មើនឹង​៤៣.៨២%) ដែលមានក្របខណ្ឌ “ក” ចំនួន២៩.១៣ភាគរយ, ក្របខណ្ឌ​ “ខ”  ចំនួន ៣៣.៧៨​ភាគរយ និងក្របខណ្ឌ “គ” ចំនួន៣៧.១០ភាគរយ។ នេះបើតាមរបាយការរបស់​ក្រសួងមុខងារ​សាធារណៈ​កាលពី ឆ្នាំ ២០១៩កន្លទៅ។ ប្រភេទផ្សេងៗ រួមមាន មន្ត្រីនយោបាយ ទីប្រឹក្សា ជំនួយការ …ជាដើមដែលមិនមែនជាមន្ត្រីមុខងារសាធារណៈប៉ុន្តែមានឈ្មោះនៅក្នុងតារាងទូទាត់បៀវត្ស​មន្ត្រី​រាជការ​៕ ដោយ៖ កែវ បុស្បា

ads banner