ពិតជាសាហាវណាស់!បើករថយន្តយ៉ាងលឿនទៅបុកម៉ូតូសង់កូរ៉េផ្លោងបុរសម្នាក់ទៅបោកផ្ទប់និងរថយន្តម៉ាស្តារបែកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តហាយឡែនឌ៍រមួយគ្រឿងលឿនដូចហោះ ហើយបានរេចង្កូតទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងជិះដោយបុរសពីរនាក់ផ្លោងទៅបោកផ្ទប់និងកញ្ចក់រថយន្តម៉ាកស្តារមួយគ្រឿងបែកក្បាលស្លាប់ភ្លាមៗម្នាក់និងម្នាក់ទៀតរងបួសធ្ងន់។ចំណែកម៉ូតូផ្លោងទៅចូលក្រោមរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងទៀតបើកមកពីរក្រោយរថយន្តម៉ាស្តារកល់ជាប់ទៅមុខលេងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងលិចផ្សារបឹងបៃតង១ តាមបណ្តោយផ្លូវសម្តេចជាសុីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2X-8587 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1K-5178 ជិះដោយបុរសពីរនាក់ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យជនរងគ្រោះម្នាក់ផ្លោងទៅបោកផ្ទប់និងកញ្ចក់ខាងមុខរថយន្ត ម៉ាកម៉ាស្តារមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA-9309 ធ្វើដំណើរទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ដោយឡែកម៉ូតូផ្លោងទៅចូលក្រោមរថយន្តក្រឡុកសុីម៉ង់មួយគ្រឿងម៉ាកFUSOក្បាលពណ៌សលាយលឿងពាក់ស្លាកលេខភ្នំពេញ5A-1615ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាមកពីក្រោយរថយន្តម៉ាស្តារកល់ជាប់កង់ខាងមុខទៅលេងរួច។ភ្លាមៗនោះម្ចាស់រថយន្តបង្កព្យាយាមបើករត់បានប្រមាណជិត១០០ម៉ែត្រត្រូវបានសមត្ថកិច្ចចាប់បានរថយន្តបង្កនិងអ្នកបើកបរបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខសួរនាំភ្លាមៗ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បិធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕