គោមួយក្បាលត្រូវឆក់ស្លាប់នៅ ខណ្ឌមានជ័យ
ភ្នំពេញ ៖ សត្វគោចំនួន៥ក្បាល ខណៈកំពុងដើរស៊ីស្មៅលើសួនច្បារចែកទ្រូងផ្លូវ ហើយមានគោមួយក្បាលដើរឆ្ងាយពីគេទៅប៉ះនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ៨ និង២០នាទីយប់ថ្ងៃសៅរ៍ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខពេទ្យចន្រ្ទា ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សត្វគោទាំងប្រាំក្បាលខាងលើមិនដឹងថាម្ចាស់នៅទីណានោះទេ។ ជាគោអនាធិបតេយ្យដើរ ស៊ីស្រេចតែចិត្ត។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញសត្វគោចំនួន៥ក្បាលមានតូចមានធំបានដើរសុីស្មៅប្រសេត ប្រសាចពេញផ្លូវ ខណៈពេលនោះក៏ស្រាប់តែ មានគោមួយក្បាលឡើងទៅលើសួនចែកទ្រូងផ្លូវដែលមានដាំស្មៅលើសួនឡើងពេញ និងមានបង្គោលភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់តែកំពុងតែស៊ីស្មៅ សត្វគោមួយក្បាលនោះបានដើរទៅប៉ះនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យឆក់ ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច ខណៈពេលនោះក៏មានសត្វគោមួយក្បាលទៀតទៅជិតក៏ប៉ះឆក់ដែរ តែដោយសារតែស្ទុះរត់ចេញទាន់ រួចផុតជីវិត ក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទំនាក់ទំនងទៅខាងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ២ ហើយគាត់ទាក់ទងទៅចៅសង្កាត់ ស្ទឹងមានជ័យទី ២ ចុះមកកន្លែងកើតហេតុក៏បានការពារមិនឲ្យប្រជាពលរដ្ឋប៉ះ ពាល់បង្គោលភ្លើង នឹងទាក់ទងទៅខាងជំនាញអគ្គិសនីមកពិនិត្យមើលនិងផ្ដាច់ភ្លើងដើម្បី តភ្លើងកុំឲ្យមានចរន្តឆ្លងឆក់ ដល់ប្រជាពលរដ្ឋឬក៏ឆក់គោបន្តទៅទៀត។
ក្រោយមកលោកចៅសង្កាត់បានផ្តាំ ផ្ញើដល់ប្រជាពលរដ្ឋកុំឱ្យដើរប៉ះឬកាន់បង្គោលភ្លើងបំភ្លឺផ្លូវកុំថាកន្លែងកើតហេតុនេះ ទោះកន្លែងណាក៏ដោយឲ្យតែមានភ្លើងបំភ្លឺផ្លូវសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នកុំទៅប៉ះកុំទៅពាល់ វាអាចនឹងឆ្លងឆក់ដូចគោនេះជាដើម នេះជាសារមួយផ្ដាំផ្ញើដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នកុំប៉ះពាល់និងបង្គោលភ្លើងអគ្គិសនីឱ្យសោះ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន លើកគោដាក់ទៅលើកង់បីយកទៅទុកនៅសង្កាត់ស្ទឹងមានជ័យទី ២ រងចាំស្រាវជ្រាវ រកម្ចាស់គោមកទទួលយកទៅវិញ៕