សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុនអគ្គិសនីកម្ពុជា មិនយកថ្លៃសេវា តភ្ជាប់រចរន្តអគ្គិសនី ចូលផ្ទះប្រជាពលរដ្ឋទាំងអស់ ទាំងនៅតំបន់រុនតាឯក និងពាក់ស្នែង

សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ក្រុមហ៊ុនអគ្គិសនីកម្ពុជា បញ្ជាក់ថា មិនយកថ្លៃសេវា តភ្ជាប់រចរន្តអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋទាំងអស់ ទាំងនៅតំបន់រុនតាឯក និងពាក់ស្នែង (ទាំងអ្នកប្រើកម្លាំង(អំពែ)តូច ឬធំ) ក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប។ ការមិនយកថ្លៃតចរន្តអគ្គិសនីនេះ គឺអាចធ្វើឲ្យពលរដ្ឋចំណេញជាង ៣ម៉ឺនរហូតទៅដល់ជាង ៣លានរៀល។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយ ប្រជាពលរដ្ឋប្រមាណ ១.៨៩៥ គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅ នៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការភ្ជាប់ចរន្តនេះ គឺអគ្គិសនីកម្ពុជា អូសខ្សែត្រឹមមុខផ្ទះពលរដ្ឋ ខណៈការតបណ្ដាញនៅក្នុងផ្ទះគឺជាបន្ទុករបស់ពលរដ្ឋ។ សម្តេចថា៖ ភ្ជាប់អគ្គិសនីដល់របងផ្ទះអត់មានយកប្រាក់ទេ តែចាប់ពីកន្លែងហ្នឹង (របងផ្ទះ) ចូលដល់ក្នុងផ្ទះ ទាំងខ្សែភ្លើង ទាំងអំពូលភ្លើង យើងចេញលុយខ្លួនឯង ។ ការមិនយកថ្លៃចរន្តនេះគឺអគ្គិសនីកម្ពុជាទទួលបន្ទុកចំណាយប្រមាណជាង ៦លានដុល្លារ។

សូមជម្រាបថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានមកចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

បច្ចុប្បន្ននេះ មានពលរដ្ឋចំនួន ៥៨៦៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននៅតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងទទួលសំណងពីរាជរដ្ឋាភិបាលទៅរស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner