សហរដ្ឋអាមេរិកចោទអ៊ីរ៉ង់ថា កំពុងជួយបង្វឹករុស្ស៊ីប្រើយន្តហោះដ្រូនវាយប្រហារលើអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា គ្រូបង្វឹកយោធាអ៊ីរ៉ង់ត្រូវបានបញ្ជូនទៅកាន់តំបន់គ្រីមៀ ដើម្បីជួយដល់កងកម្លាំងរុស្ស៊ីប្រើយន្តហោះដ្រូនដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅនានានៅអ៊ុយក្រែន។

រុស្ស៊ីបានដណ្តើមយកតំបន់គ្រីមៀពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ហើយបានប្រើឧបទ្វីបភាគខាងត្បូងនេះ ដើម្បីហ្វឹកហ្វឺនទាហាន និងបើកមូលដ្ឋានយោធាសម័យសូវៀតឡើងវិញ ជាផ្នែកមួយនៃការលុកលុយប្រទេសជិតខាង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា យើងអាចបញ្ជាក់បានថា បុគ្គលិកយោធារុស្ស៊ីដែលមានមូលដ្ឋាននៅតំបន់គ្រីមៀ បាននិងកំពុងសាកល្បងប្រើប្រាស់យន្តហោះដ្រូន (UAVs) របស់អ៊ីរ៉ង់ ដើម្បីវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន តួយ៉ាងដូចជាការវាយប្រហារប្រឆាំងនឹងទីក្រុងកៀវក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Price បានបញ្ជាក់យ៉ាងដូច្នេះថា យើងជឿជាក់ថា បុគ្គលិកយោធាអ៊ីរ៉ង់បានទៅដល់តំបន់គ្រីមៀ ហើយបានជួយរុស្ស៊ីក្នុងប្រតិបត្តិការទាំងនេះ។
យ៉ាងណាមិញ នៅពុំទាន់មានប្រតិកម្មភ្លាមៗចំពោះការចោទប្រកាន់របស់អាមេរិកលើអ៊ីរ៉ង់នោះទេ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធថា យន្តហោះដ្រូនមិនមែនជារបស់អ៊ីរ៉ង់នោះទេ។

ចំណែកភាគីរុស្ស៊ីវិញ ក៏បានបដិសេធមិនប្រើយន្តហោះដ្រូនរបស់អ៊ីរ៉ង់នៅអ៊ុយក្រែនផងដែរ។ ប៉ុន្តែទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner