សម្ដេចតេជោ ហ៊ុន សែន ចូលរួមសាងសង់វត្តនៅភូមិរុនតាឯក ១០ម៉ឺនដុល្លារ
សសៀមរាប ៖ ម្ដេចតេជោ ហ៊ុន សែន បានសម្រេចឲ្យសាងសង់វត្តអារាមមួយ ដើម្បីរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក កើតទៅជាទីប្រជុំជន ហើយក្នុងគោលបំណងផ្សាភ្ជាប់និស្ស័យជាមួយបងប្អូនប្រជាពលរដ្ឋ សម្តេច ក៏ចាប់មគ្គផលចំនួន ១០ម៉ឺនដុល្លារក្នុងការសាងរបងវត្ត ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយ ប្រជាពលរដ្ឋប្រមាណ ១.៨៩៥គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។
បើតាមសម្តេច, ការសាងសង់វត្តនៅទីនេះ ត្រូវបានចូលរួមដោយសប្បុរសជន ដែលមាន ឯកឧត្តម ជា សុផារ៉ា បានជួយចំនួន ១០ម៉ឺនដុល្លារ, ឯកឧត្តម ជា វ៉ាន់ដេតចំនួន ២០ម៉ឺនដុល្លារ, រួមនឹងសប្បុរសជនជាច្រើនទៀតបានជាង ១លានដុល្លារហើយ ។
សម្ដេចបន្តថា ការកសាងព្រះវិហារវត្តមួយត្រូវអស់ថវិកាកន្លះលានដុល្លារ ដូច្នេះវាមិនមែនជាវិហារតូចទេ ។ ឧប្បដ្ឋានសាលាចំនួន ៣០ម៉ឺនដុល្លារ កុដិព្រះចៅអធិការ ១០ម៉ឺនដុល្លារ ,ក្លោងទ្វារវត្ត ៥ម៉ឺនដុល្លារ ,របងវត្ត ៥ម៉ឺនដុល្លារ និងសល់ប៉ុន្មានទុកសម្រាប់កសាងកុដិដល់ព្រះសង្ឃដ៏ទៃទៀត ។
សម្តេចតេជោ បានបន្តទៀតថា ដោយសារការកសាងរបងវត្តអស់ ១៥ម៉ឺនដុល្លារ ដូចនេះសម្តេច សុំចាប់មគ្គផលនៅទីនេះចំនួន ១០ម៉ឺនដុល្លារ សម្រាប់ភ្ជាប់និស្ស័យជាមួយអ្នកភូមិរុនតាឯក ៕ ដោយ វណ្ណលុក

