សម្តេចតេជោ ហ៊ុន សែន៖ តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ត្រូវតែឈូសឆាយឱ្យរួចរាល់ និងមានអ្នកដឹកជញ្ជូន ចាំបងប្អូនរើ លំនៅឋានចេញពីតំបន់រមនីយដ្ឋានអង្គរ
សៀមរាប៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីប្រាប់ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកថា «ខ្ញ៉ំមិនឲ្យពលរដ្ឋមកតំបន់ថ្មីរុនតាឯកទេ បើការរៀបចំហេដ្ឋរចនាសម្ព័ន្ធមិនទាន់ហើយ បើសិនមិនរៀបចំដីឲ្យល្អ មានឬសឈើមិនទាន់យកចេញ មិនត្រូវដឹកពលរដ្ឋមកចាក់ចោលនោះទេ»។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ការដឹកជញ្ជូនពលរដ្ឋមកតំបន់រុនតាឯក ជាបន្ទុករបស់យោធភូមិភាគទី៤ និងកងពលធំលេខ២ ។ ការរៀបចំដី ហេដ្ឋារចនាសម្ព័ន្ធ ជាបន្ទុករបស់កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប បើគេមិនទៅដឹកសូមបងប្អូនកុំចេញពីតំបន់នោះ ។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៉ីនធើណេតជាដើម។ សម្តេចតេជោ ក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់ប័ណ្ណក្រីក្រកំរិត១ ប័ណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារ ឧបត្ថម្ភថវិកា ១លាន ៤០ម៉ឺនរៀល ស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះមួយចំនួន ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភ១០ឆ្នាំ តាមរយៈប័ណ្ណក្រីក្រកំរិតទី១ ជូនប្រជាពលរដ្ឋដែលសំរេចរើលំនៅដ្ឋានពីតំបន់អង្គរ និងតំបន់អាជ្ញាធរអប្សរា៕ ដោយ វណ្ណលុក

