ប្រមុខណាតូ៖ ភស្តុតាងនានាចង្អុលទៅអ៊ីរ៉ង់ ជុំវិញការផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ី

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តួលធិនប៊ឺគ ថ្លែងថា ការចង្អុលបង្ហាញទាំងអស់ គឺចង្អុលទៅលើអ៊ីរ៉ង់ ដែលជាអ្នកផ្គត់ផ្គង់យន្តហោះដ្រូនអត្តឃាតដល់រុស្ស៊ី ហើយបានព្រមានថា កិច្ចសហការយោធានេះ គឺជាការរំលោភលើដំណោះស្រាយ ដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

លោក ស្តូលធិនប៊ឺគ មិនចង់និយាយលម្អិតទេ ដោយគ្រាន់តែអះអាងថា នេះជាព័ត៌មានស៊ើបការណ៍ ប៉ុន្តែលោកបានយល់ស្របថា អាជ្ញាធរអ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូនដល់រុស្ស៊ី ក្នុងបរិបទដែលការប្រើប្រាស់ពួកវាក្នុងសង្គ្រាមនៅអ៊ុយក្រែន កំពុងត្រូវបានតួ្រតពិនិត្យ។

ទន្ទឹមគ្នា លោក ស្តូលធិនប៊ឺគ បានអំពាវនាវដល់ប្រទេសទាំងអស់ រួមទាំងអ៊ីរ៉ង់ កុំឱ្យគាំទ្រសង្រ្គាមខុសច្បាប់ដែលបានចាប់ផ្តើមដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលជាការបំពានច្បាប់អន្តរជាតិ។ លោកថា ការវាយប្រហារដ៏អាក្រក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បានគូសបញ្ជាក់អំពីភាពបន្ទាន់ នៃការបង្កើនការគាំទ្រដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា ទោះបីជាលោក ពូទីន បរាជ័យនៅអ៊ុយក្រែន និងប្រព្រឹត្ត “កំហុសដ៏ធំ” ក៏ដោយ ក៏គ្មានសញ្ញាណាមួយ ដែលបង្ហាញពីការលះបង់ភ្លាមៗ នៃ “សង្រ្គាមឈ្លានពាន” ដែលកាន់តែតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងការចាប់ផ្តើមនៃការវាយប្រហារដ៏ធំលើមជ្ឈមណ្ឌលទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕ ប្រភព៖ News 360 ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner