ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រហែលជាលោកអ្នកត្រូវប្រឈមមុខនឹងបញ្ហាច្រើន ហើយមនុស្សដែលនៅជុំវិញខ្លួនក៏ពិបាកក្នុងការសុំជំនួយទៅទៀត។ ក្នុងនោះសូមលោកអ្នកពិនិត្យតាមដានជំហានការងាររបស់មិត្តភក្តិ ពិសេសដៃគូជំនួញដើម្បឲ្យលោកអ្នកអាចស្វែងយល់បញ្ហាជាមុន ហើយរកវិធីដោះស្រាយបានទាន់ពេលវេលា។ ឧបាយកលក្នុងពេលនេះ អាចនឹងធ្វើឲ្យលោកអ្នកមានការលំបាកណាស់ ដូច្នេះសូមកុំធ្វេសប្រហែសជាដាច់ខាត។ ក្រៅពីនេះ សូមព្យាយាមរកភាពរីករាយសម្រាប់ជីវិតរបស់ខ្លួន​ ជៀសវាងកុំចំណាយពេលលើសកំរិតនៅកន្លែងការងារ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អបង្គួរ។ សូមព្យាយាមធ្វើយ៉ាងណាកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។ ឥឡូវនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការសម្រេចចិត្តដោយឯកឯង និងធ្វើកិច្ចព្រមព្រៀងនោះទេ ពីព្រោះហានិភ័យនៃការចាញ់បោកគឺខ្ពស់ណាស់។ ជាទូទៅលោកអ្នកអាចបញ្ចប់ការងារដោយជោគជ័យ ហើយអ្នកក៏អាចយកឈ្នះរាល់ឧបសគ្គដោយប្រើវិធីសាស្រ្តធម្មតា។ លើសពីនេះ សូមលោកអ្នកផ្តោតការយកចិត្តទុកដាក់ចំពោះហេតុការណ៍ នោះអ្នកនឹងអាចយល់ដឹង ហើយរកបានពិធីសាស្រ្តដោះស្រាយយ៉ាងងាយស្រួល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលល្អសម្រាប់ការចាកចេញពីស្ថានភាពបច្ចុប្បន្ន។ លោកអ្នកមិនគួរទ្រាំនឹងការងារស្មុគ្រស្មាញក្នុងការិយាល័យចាស់ ឬស្ថិតក្នុងរង្វង់មនុស្សដែលមានគំនិតអវិជ្ជមាននោះទេ។ ក្នុងនោះ ប្រហែលជាអ្នកគួរចាប់អារម្មណ៍នឹងការងារ ច្រើនជាងគំនិតរបស់អ្នកដទៃចំពោះលោកអ្នក។ ដោយឡែក លោកអ្នករំពឹងថានឹងទទួលបានលាភសំណាងជាសម្ភារៈ និងជាលុយកាក់ច្រើន ដូច្នេះលោកអ្នកជាអាជីវករមិនគួរមានការស្ទាក់ស្ទើរក្នុងការបោះទុននោះទេ ពីព្រោះអ្នក ទទួលបានភាពចម្រុងចម្រើនណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការទំនាក់ទំនង និងបង្កើតបណ្តាញនានានោះទេ។ សូមព្យាយាមរៀបចំគម្រោងផែនការការងារ ហើយគួរជៀសវាងការចូលរួមក្នុងការចរចា និងការប្រជុំ។ ចំពោះការងារដែលប្រថុយប្រថាន គឺមិនគួរសាកល្បងនោះ ប្រយ័ត្នខាតបង់ទ្រព្យ ព្រមទាំងបាត់បង់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះសូមចងចាំថា ការសម្រេចចិត្តលឿន អាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ ក្រៅពីនេះ សូមព្យាយាមមើលអ្វីដែលថ្មី ពីព្រោះវាអាចជួយលោកអ្នកគេចចេញពីបញ្ហាបាន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំលោកអ្នកមិនឲ្យបាក់ទឹកចិត្ត ឬធ្លាក់ខ្លួនក្នុងភាពអស់សង្ឃឹមនោះទេ។  បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជាជីវៈរបស់លោកអ្នកបានឡើយ។ ថ្ងៃនេះលោកអ្នកទទួលបានគំនិតច្នៃប្រឌិតច្រើន ដែលជួយសម្រួលការដោះស្រាយ និងសម្របទៅនឹងបញ្ហាបានល្អ។ ក្នុងនោះសូមព្យាយាមពិនិត្យការងារដែលអ្នកធ្លាប់ធ្វើ ឬហេតុការណ៍ដែលអ្នកធ្លាប់ស្គាល់ ពីព្រោះវាអាចផ្តល់ពត៌មានច្រើនដល់ការសម្រេចចិត្តរបស់អ្នក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ហោរាសន្យាថាថ្ងៃនេះនេះលោកអ្នកពោរពេញទៅដោយភាពជោគជ័យ និងអារម្មណ៍ភ្លឺស្វាង។ ក្នុងនោះដែរ លោកអ្នកនឹងទទួលបានពត៌មានពិសេស ឬបានទទួលព្រឹត្តិការណ៍រីករាយសម្រាប់កិច្ចការងារ ក៏ដូចជាជីវិតឯកជនផងដែរ។ ប្រការចំបាច់បំផុត គឺសូមលោកអ្នករស់នៅក្នុងគំនិតវិជ្ជមាន ហើយត្រូវត្រៀមខ្លួនទប់ទល់នឹងបញ្ហាជានិច្ច គឺត្រូវធ្វើយ៉ាងណាក៏បានប្រាកដថាលោកអ្នកយល់ដឹងពីការងារដែលកំពុងអនុវត្តបានច្បាស់លាស់។ ដោយឡែក ការធ្វើទំនាក់ទំនងអោយបានជិតស្និទ្ធជាមួយនៅជុំវិញ ខ្លួនបន្ថែមទៀត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការផ្លាស់ប្តូរការងារនោះទេ។ ការសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារនៅពេលនេះ នឹងជួបប្រទះបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំង។ ហោរាសូមឲ្យលោកអ្នកបំពេញការងារដែលមានក្នុងដៃនាពេលនេះសូម្បីតែការងារតូចតាចយ៉ាងណាក្តី។ ការទទួលខុសត្រូវជាការចាំបាច់ណាស់ វានឹងធ្វើឲ្យលោកអ្នកបញ្ចៀសបញ្ហារឹងស្ទះ ព្រមទាំងយកឈ្នះទឹកចិត្តមនុស្សដែលកំពុងមើលបំណាំអ្នកផង។ ដោយឡែក លោកអ្នកអាចយកឈ្នះរាល់ការលំបាក ប្រសិនបើអ្នកផ្តោតការយកចិត្តទុកដាក់ទៅលើវា។ 

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នករំពឹងថាទទួលបានលាភសំណាងធំ ឬការតម្លើងប្រាក់បៀវត្សរ៍សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក។ ផ្ទុយទៅវិញ សូមលោកអ្នកពិនិត្យវាយតម្លៃផែនការការងារ ឬវិធីសាស្រ្តអនុវត្តឡើងវិញ ដោយសារលោកអ្នកត្រូវការដើរឲ្យទាន់ស្ថានភាពការងារដែលកំពុងមានការផ្លាស់ប្តូរ។ បើទោះបីជាលោកអ្នកអាចនឹងប្រទះភាពរឹងស្ទះតិចតួច សូមកុំព្រួយបារម្ភពីព្រោះលោកអ្នកកំពុងដើរនៅលើទិសដៅដែលត្រឹមត្រូវ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានដំណើរការល្អប្រសើរ ប៉ុន្តែរឿងលុយកាក់អាចនឹងមិនទាន់ទទួលបានតាមទុនដែលដាក់ចេញនោះទេ។ លោកអ្នកក៏ប្រហែលជាត្រូវស៊ូទ្រាំការលំបាកច្រើនបន្តិចក្នុងពេលនេះ ប៉ុន្តែក៏មិនគួរបារម្ភច្រើនពេកដែរ គួរសំលឹងមើលហេតុការណ៍ ប្រមូលយកពត៌មាន និងសម្របទៅតាមស្ថានការណ៍។ ដោយឡែក លោកអ្នកទទួលបានគំនិតប្រាជ្ញាភ្លឺស្វាង សេចក្តីព្យាយាម និងភាពកំប្លុកកំប្លែង ដែលអាចជួយឲ្យលោកអ្នកមានគំនិតសុទិដ្ឋិនិយមក្នុងការងារ និងកិច្ចទំនាក់ទំនង។ 

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកពោរពេញទៅដោយគំនិតវិជ្ជមាន និងភាពសុទិដ្ឋិនិយមចំពោះហេតុការណ៍ ឬសកម្មភាពការងារ ដែលករណីនេះធ្វើឲ្យលោកអ្នកយល់ដឹងពីជំហានការងារបានល្អ ហើយក៏អាចសម្រប និងដោះស្រាយបញ្ហាដែលកើតឡើងដោយភាពងាយស្រួល។  ប៉ុន្តែទោះយ៉ាងនេះក្តី សូមកុំទាន់ធ្វើការសម្រេចចិត្តដោយងាយពេកឲ្យសោះ ការគិតពិចារណាវែងឆ្ងាយប្រកបដោយហេតុផលនឹងជួយលោកអ្នកឲ្យបានសម្រេចតាមគោលបំណង។ ក្នុងនោះសូមមានចិត្តអត់ធ្មត់ និងអធ្យាស្រ័យចំពោះមនុស្សនៅក្នុងក្រុមការងារ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើទំនាក់ទំនង ការចុះហត្ថលេខា ឬការផ្លាស់ប្តូរកន្លែងការងារនោះទេ។ លើសពីនេះ លោកអ្នកក៏ប្រឈមមុខនឹងការចាញ់បោកគេយ៉ាងខ្ពស់បំផុត។​ ក្នុងពេលនេះកំហុសក៏អាចនឹងកើតមានដោយស្រួលផលដែរ ដូច្នេះសូមមានការប្រុងប្រយ័ត្នរាល់សកម្មភាព និងពាក្យសំដី។ ធ្វើយ៉ាងណាកុំមានការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ និងដៃគូ។ ចំពោះការប្រថុយប្រថាន ឬជំហានការងាររបស់អ្នកគួររក្សាការសំងាត់ទើបជាការល្អប្រសើរបំផុតសម្រាប់ថ្ងៃនេះ។ 

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងអាជីពទាំងឡាយរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកគួរផ្តោតការយកចិត្តទុកដាក់នឹងការងារដែលសំខាន់​ ហើយចំពោះការងារតូចតាចសូមកុំយកចិត្តទុកដាក់ពេក ទុកវាឲ្យរសាយបាត់បង់ទៅវិញតាមធម្មជាតិខ្លះទើបជាការល្អប្រសើរ។ ក្នុងពេលនេះ អ្នកប្រហែលជាមិនទាន់បានភាពចម្រើនលូតលាស់ និងលុយកាក់តាមក្តីប្រាថ្នា ឬទុនដែលលោកអ្នកដាក់ចេញនោះទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គួរមានភាពរីករាយបន្តការងារជានិច្ច ពីព្រោះភាពជោគជ័យកំពុងនៅលើជំហានរបស់អ្នក។ 

ចំណាំៈ

ឆ្នាំទាំង៣ ខាល ម្សាញ់ មមែ រាសីឡើងខ្ពស់ត្រដែត។ រាល់ការផ្លាស់ប្តូរស្ថានភាពការងារ ពេលនេះមានលំនឹងល្អប្រសើរ។ លោកអ្នកអាចចរចា ពិភាក្សា និងធ្វើកិច្ចព្រមព្រៀង បានគ្រប់កាលទេស។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner