សហរដ្ឋអាមេរិកចង់បានការស្តារកិច្ចចរចាឡើងវិញ ប៉ុន្តែរុស្ស៊ីមិនចាប់អារម្មណ៍ក្នុងការបញ្ចប់សង្គ្រាមទេ
វ៉ាស៊ីនតោន៖ ប្រមុខការពារជាតិអាមេរិក និងរុស្ស៊ី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយគ្នាជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា លោកមើលមិនឃើញថា រុស្ស៊ីចាប់អារម្មណ៍កិច្ចចរចា ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលអាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនង ចំពេលមានសង្គ្រាមដែលកំពុងបន្តប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Sergei Shoigu។ ប៉ុន្តែលោក Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ប៉ុន្តែបាននិយាយថា ទំនាក់ទំនងការទូតដ៏ទូលំទូលាយណាមួយ គឺអាស្រ័យលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
ដោយឡែកក្រសួងការពារជាតិរុស្ស៊ី ក៏ទទួលស្គាល់ពីការសន្ទនាតាមទូរស័ព្ទខាងលើនេះដែរ ហើយថា ប្រមុខការពារជាតិទាំងពីរបានពិភាក្សាគ្នាពីជម្លោះនៅអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតបន្ថែមទេ។
លោក Ryder បានបន្ថែមទៀតថា លោក Austin ក៏បានពិភាក្សាដាច់ដោយឡែកមួយទៀត ជាមួយរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov ផងដែរ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដែលមិនផ្លាស់ប្តូរ ក្នុងការគាំទ្រដល់អ៊ុយក្រែន ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី៕ ប្រភព៖ AFP ដោយ៖ ទីណា និងបុត្រា


