ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។

សូមជម្រាបថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាកន្លែងថ្មីមួយទៀត បន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាល បានរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

តំបន់អភិវឌ្ឍន៍ពាក់ស្នែង មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាល នឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ និងលើកទី៣ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ។

ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។

ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារ ក្នុងនោះ ៥, ៨២៣គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។

សម្រាប់ប្រជាពលរដ្ឋទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ក៏ទទួលបានគោលនយោបាយឧបត្ថម្ភនានាដូចនឹងប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍនរុនតាឯកផងដែរ។ គោលនយោបាយនោះ មានដូចជាការទទួលបានដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ, ទទួលបានបណ្ណក្រីក្រកម្រិត១ អត្រាឧបត្ថម្ភបែបទីប្រជុំជន រយៈពេល១០ឆ្នាំ, ទទួលបានបណ្ណសមធម៌សម្រាប់ស្ត្រីចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំជាដើម, ផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ១លាន ៤០ម៉ឺនរៀល ព្រមទាំងសង្កសីចំនួន ៣០សន្លឹកសម្រាប់ធ្វើផ្ទះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទាំងនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង និងតំបន់អភិវឌ្ឍន៍រុនតាឯកផងដែរ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner