ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកបារាយណ៍ និងស្រុកតាំងគោកប្រមាណ ០១ពាន់នាក់
ខេត្តកំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ តាមរយៈកិច្ចសម្របសម្រួលរវាងក្រសួងទេសចរណ៍ ជាមួយក្រុមហ៊ុនទេសចរណ៍វៀតណាម Vietravel និង IH Travel ក្រុមវេជ្ជបណ្ឌិតតាំវៀតស្ម័គ្រចិត្តវៀតណាមចំនួន ១២០នាក់ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ០១ពាន់នាក់ (ស្រុកបារាយណ៍ ៦០០នាក់ និងស្រុកតាំងគោក ៤០០នាក់)។

ប្រភេទជំងឺដែលត្រូវពិនិត្យ និងព្យាបាល រួមមាន៖ ជំងឺពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ, ផ្លូវដង្ហើម, បេះដូង, សរសៃឈាម, សាច់ដុំ និងគ្រោងឆ្អឹង, ផលប៉ះពាល់ដល់សុខភាពដែលបណ្តាលមកពីជំងឺកូវីដ-១៩, ពិនិត្យអ៊ុលត្រាសោន, អេកូសាស្រ្ត និងសម្ពព។

ក្រុមគ្រូពេទ្យវៀតណាមបាននាំយកនូវអំណោយ និងថ្នាំពេទ្យចំនួន ០១ពាន់កញ្ចប់ ចែកជូនប្រជាពលរដ្ឋ ដែលគិតជាថវិកាប្រមាណ ០៤មុឺនដុល្លារ។ ជាមួយគ្នានេះ ក្រុមការងារវៀតណាមក៏បានរៀបចំធ្វើម្ហូបអាហារជូនប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង មានដូចជា បបរមាន់ ពោតលីង ប្រហិតបំពង សាច់មាន់បំពង និងនំផងដែរ។

គួរកត់សំគាល់ ក្រុមគ្រូពេទ្យតាំវៀតស្ម័គ្រចិត្តវៀតណាមបានមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនកម្ពុជាបានចំនួន ៨លើករួចមកហើយ ក្នុងនោះ ស្រុកបារាយណ៍ និងស្រុកតាំងគោក បានចំនួន ២លើក (បូកទាំងលើកនេះ)។ គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យវៀតណាមបានពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជាសរុបបានជាង ០២ម៉ីននាក់ រួចមកហើយ៕ ចាន់ វិចិត្រ

