អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស​លោក បូរីស​ ចនសុន កំពុងរកផ្លូវកាន់អំណាចជាថ្មី​?

អង់គ្លេស៖នៅប្រទេសអង់គ្លេស​ បន្ទាប់ពី​លោកស្រី លីហ្ស​ ត្រាស្ស បានប្រកាសចុះចេញពីតំណែង​ជានាយករដ្ឋមន្ត្រី​កាលពីថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២មក​ បក្សកាន់អំណាច​គឺបក្សអភិរក្សនិយម​ បានប្រកាសបង្ហាញបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីជំនួសយ៉ាងយូរនៅចុងខែនេះ​។ ក្នុងចំណោមបេក្ខជន​អនាគតនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី​ ដែលបក្ស​កំពុងត្រៀមចូលក្នុងការប្រកួតប្រជែងបោះឆ្នោតបន្ទាន់​នោះក៏អាចមានដែរ លោក បូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីដែល​ទើប​បានលាចេញពីតំណែង​មុនអាណត្តិ​លោកស្រី ត្រាស្ស​។

ដ្បិតថានៅមិនទាន់មានបេក្ខជនណាម្នាក់​ចេញ​មុខប្រកាសជាផ្លូវការ​ សម្រាប់ការប្រកួតប្រជែងកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសនេះ​ តែគេសង្កេតឃើញថាមានបេក្ខជនគីឡូធ្ងន់​បីរូប​ចូលរួម​។ ក្នុងចំណោមនោះ គឺមានលោក បូរីស ចនសុន ដែលជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស​ផងដែរ​។

លោកចនសុន​ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ​ចុះផ្សាយថា បានត្រលប់មកពី​ដំណើរកម្សាន្ត​នៅការីប៊ីនយ៉ាងប្រញាប់ប្រញាល់ ដើម្បីចូលរួម​ក្នុងការប្រកួតប្រជែង​ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ​ទី​២៤ ខែតុលាទៅ​។

មានបុគ្គលសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន បានសម្តែងការគាំទ្រពេញទំហឹង​ឱ្យលោក​ចនសុន​ ឡើងកាន់អំណាចម្តងទៀត។ លោក Jacob Rees-Mogg ជារដ្ឋលេខាធិកាពាណិជ្ជកម្ម​បានគូសបញ្ជាក់ជាសាធារណៈតាមសារទ្វីតធ័រលោកថា គឺមានតែលោកចនសុន ប៉ុណ្ណោះ ដែលអាចឈ្នះ​ការបោះឆ្នោតលើកនេះ។

ទន្ទឹមគ្នានេះដែរ រដ្ឋលេខាធិការការពារជាតិ លោក​ Ben Wallace បានប្រាប់សារព័ត៌មាន​ប្រាប់ Sky News អំពីការរំពឹងរងចាំមើលភាពជោគជ័យរបស់លោក ចនសុន ដូចគ្នាដែរ។

គូប្រកួតពីររូបរបស់លោក ចនសុន អាចជា​មហាសេដ្ឋីដើមកំណើត​ឥណ្ឌា លោក រីស្សី ស៊ុនណាក់​។ លោកជាអតីតរដ្ឋមន្ត្រីហិរញ្ញវិត្ថុកាលពីជំនាន់លោក ចនសុន។ លោកត្រូវបានអ្នកវិភាគមើលឃើញថា ជាបេក្ខជន​លេចធ្លោជាងគេបង្អស់ ដែលអាចមានឱកាសក្លាយជានាយករដ្ឋមន្ត្រីច្រើន។ម្នាក់ទៀតជា​អតីត​រដ្ឋមន្ត្រី​ការពារជាតិ អ្នកស្រី ផែន្នី ម័រដូនត៍។ បេក្ខជនទាំងពីរនេះ សុទ្ធតែបានប្រកួតប្រជែងជាមួយលោកស្រី លីហ្ស ត្រាស្ស ក្នុងការបោះឆ្នោតកាលពីលើកមុន។

គួរជ្រាបថា​ នៅអង់គ្លេស ដោយករណីនាយករដ្ឋមន្ត្រីលាចុះចេញ​ពីតំណែង​មុនចប់អាណត្តិ ​ដូច្នេះការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួស​ គឺធ្វើឡើងជាលក្ខណៈផ្ទៃក្នុងបក្សអភិរក្សនិយមដែលជាបក្សកាន់អំណាច។ បេក្ខជនមកពី​បក្សអភិរក្សនិយមនោះ ​នឹងត្រូវស្វែងរកសំឡេងគាំទ្រពីសមាជិកសភា តាមរយៈការបោះឆ្នោតអនឡាញ ដោយចំណាយពេលតែមួយសប្តាហ៍ប៉ុណ្ណោះ។

ដូច្នេះ​យ៉ាងយូរបំផុតត្រឹមចុងសប្តាហ៍ក្រោយ ឬដំណាច់ខែតុលា ឆ្នាំ២០២២ ប្រទេសអង់គ្លេស​នឹងមាននាយករដ្ឋមន្ត្រី​ ជំនួសលោកស្រី លីហ្ស ត្រាស្ស ដែលបានប្រកាសចុះចេញពីតំណែង ហើយ​ដើម្បី​អាចចូលរួម​ក្នុងការប្រកួតប្រជែង​យកតំណែង​ប្រធានបក្សឬ​នាយករដ្ឋមន្រ្តី បេក្ខជន​ត្រូវរក​សំឡេង​គាំទ្រ​របស់​សមាជិកសភា មកពីគណបក្សអភិរក្ស​និយមយ៉ាងតិច ១០០សំឡេង ឲ្យ​បាន​ត្រឹម​ថ្ងៃចន្ទដើម​សប្តាហ៍ក្រោយ។

គួរជ្រាបថា ក្នុងកាលៈទេសៈជួប​វិបត្តិនយោបាយ​និងវិបត្តិ​សេដ្ឋកិច្ច​ អង់គ្លេសបានផ្លាស់ប្តូរអ្នកដឹកនាំក្បាលម៉ាស៊ីនដល់ទៅ​២ដងឯណោះ ក្នុងរយៈពេល​៤ខែមកនេះ។ លើកទី១ គឺលោក បូរីស ចនសុន ដែលប្រកាសបញ្ចប់តួនាទី​ដោយសារ​រឿងអាស្រូវ​ភូតកុហក លួច​ជប់លៀង នៅក្នុង​ពេល​ប្រទេស​កំពុង​បិទខ្ទប់ ក្នុងអំឡុងវិបត្តិកូវីដ និងទី២ គឺលោកស្រី លីហ្ស ត្រាស្ស ប្រកាសលាឈប់ពីតំណែងដូចគ្នា ដោយសារគម្រោងច្បាប់​ហិរញ្ញវត្ថុយ៉ាងចម្រូងចម្រាស​ដែលបង្កជាអតិផរណាជាតិ​មិនធ្លាប់មានក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយ​៕ ដោយ៖ បណ្តូល ពេជ្រ

ads banner