៣១ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ តុលា ឆ្នាំ២០២២ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមានអាយុ៣១ឆ្នាំហើយ រាប់ចាប់តាំងពីថ្ងៃកកើតឡើងដំបូងក្នុងឆ្នាំ១៩៩១​។

៣១ឆ្នាំមកនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានក្លាយជាចំណុចសំខាន់នៃការជជែកវែកមិនចុះសម្រុងគ្នារវាងសង្គមស៊ីវិលនិងអ្នកនយោបាយ និងរវាងអ្នកនយោបាយនិងអ្នកនយោបាយ។ នេះជាការកត់សម្គាល់របស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងនយោបាយ​។

លោកបន្ថែមថា៖ «ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ការលើកឡើងពី២៣តុលានេះ កាន់តែមានភាពចម្រូងចម្រាសពីគ្រប់អ្នកពាក់ព័ន្ធ​ អំពីអាយុជីវិតកិច្ចព្រមព្រៀងក្រុងប៉ារីសថា​ ស្លាប់ឬក៏រស់ តែពីរបីឆ្នាំក្រោយមកការប្រកែកប្រណាំងគ្នា ដូចជាវិលមករកភាពស្របវិញ ដោយរដ្ឋាភិបាល និងសង្គមស៊ីវិលទទួលស្គាល់ថា កិច្ចព្រមព្រៀងនេះ នៅមានសុពលភាព គ្រាន់តែនៅសល់ចំណុចខ្វែងគ្នាបន្តិច»​។

កើតនៅក្នុងឆ្នាំ១៩៩១ កញ្ញា ភឹង សោភា ជាពលរដ្ឋម្នាក់ដែលបានរៀនសូត្រពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្លែងថា រាប់ចាប់ពីពេលនាងធំដឹងក្ដី ការអនុវត្តកិច្ចព្រមព្រៀងកិច្ចប៉ារីសមានចំណុចវិជ្ជមាននិងអវិជ្ជមា​ន។​ វិជ្ជមា​នត្រង់ថា៖ «ពួកខ្ញុំជាយុវជនបានរៀនសូត្រស្វែងយល់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស បានដោយងាយស្រួលតាមរយៈ​ប្រព័ន្ធបច្ចេកវិទ្យា បើធៀបកាលពី៣០ឆ្នាំមុន ហើយពួកយើងជាយុវជនបានដឹងថា ចំណុចវិជ្ជមាននៃការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសបាននាំមកជាមួយនូវប្រយោជន៍សំខាន់ៗ ជាច្រើនដល់ខ្មែរដែលបង្កើតបានជារដ្ឋធម្មនុញ្ញតាមបែបជាប្រធិបតេយ្យមួយ»។

រដ្ឋធម្មនុញ្ញតាមបែបប្រជាធិបតេយ្យជាចំណុចមួយដែលកញ្ញា ភឹង សោភា លើកទឹកចិត្តឱ្យយុវជនចូលរួមថែរក្សានិងការពារ នៅចំពោះការកែប្រែឬធ្វើវិសោធនកម្ម ជាបន្តបន្ទាប់រហូតដល់ទៅ១០ដងទៅហើយ រាប់ចាប់ពីច្បាប់កំពូលមួយនេះកកើតឡើង។

កញ្ញាបន្ថែម៖ «យើងគ្រាន់តែតាមដានមើលថា ការកែប្រែឬធ្វើវិសោធកម្មនិងការសើរើហ្នឹងវាត្រឹមត្រូវតាមរូបមន្តកិច្ចព្រមព្រៀងក្រុងប៉ារីសក្រុងប៉ារីសហើយឬនៅ? ដើម្បីចៀសវាងការកែប្រែខុសបង្កើតទៅជាមន្ត្រី និងអ្នកយោបាយព្រៃផ្សៃហើយពលរដ្ឋ​បាត់បង់សិទ្ធិអំណាចរបស់ខ្លួន»​។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងជាថ្មីនៅចំខួប ៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អនុវត្ត និងប្រតិបត្តិបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជា។ លោកថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះយើងរកបានសន្តិភាពនិងការឯកភាពជាតិ យើងរក្សាបានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងបានប្រកាន់ភ្ជាប់គោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ ដែលធ្វើឲ្យកម្ពុជាមានស្ថិរភាពនយោបាយល្អប្រសើរស្របតាមគោលការណ៍កិច្ចព្រមព្រៀងនេះ»។

សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ កត់សម្គាល់ថា ៣១ឆ្នាំមកនេះ ទោះបីមតិប្រឆាំងបានអូសទាញពលរដ្ឋឱ្យជឿលើការបកស្រាយខុសអំពីការអនុវត្តកិច្ចព្រមព្រៀងយ៉ាងក្ដីក៏មិនអាចអូសទាញពលរដ្ឋឲ្យលង់នឹងការឃោសនារបស់ខ្លួនបានដែរ។

សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តី​កម្ពុជាធ្លាប់បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅ​នឹង​អ្នក​អត្ថាធិប្បាយ​ដែល​បាន​រិះគន់​ថា ​ការ​កែរដ្ឋធម្មនុញ្ញ​ពី​សំឡេង​២/៣មក​ជា​៥០​បូក​១ ​គឺ​ខុស​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​អគារ​ទីស្តីការ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ កាលពីឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​ហៅការ​រិះគន់​បែប​នេះ​ថា ជាប្រមាថ ហើយ​ព្រមាន​ឱ្យអាជ្ញា​ធរសមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ បើសិន​នៅបន្ត​លើក​ឡើង​ខុសពី​ការពិត​នេះទៀត។

គួររំឭកថា ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំងបួន របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលរដ្ឋកម្ពុជា ,ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ ,រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​​​៕ ដោយ៖ អេង រាជនី

ads banner