ធនាគារកណ្តាលថៃ​ តាមដាន​យ៉ាងដិតដល់​ពីការប្រែប្រួល​តម្លៃប្រាក់បាត

ថៃ៖នៅថ្ងៃសៅរ៍​ ទី២២​ ខែតុលា​ ឆ្នាំ២០២២​ ធនាគារ​កណ្តាលរបស់ប្រទេសថៃ​ បាន​ប្រកាសឲ្យដឹងថា​ខ្លួនកំពុងតែ​តាមដានយ៉ាងដិតដល់​នូវការប្រែប្រួលតម្លៃប្រាក់បាត​ ចំពេលមានការប្រែប្រួល​ហិរញ្ញវត្ថុសកល​។ យ៉ាងណាក៏ដោយ​ ធនាគារកណ្តាលថៃ​ ថា​នៅមិនទាន់មានសញ្ញានៃ​ចលនាហិរញ្ញវត្ថុ​ខុស​ប្រក្រតីនៅឡើយទេ​មកទល់នឹងពេលនេះ​។

តាមរយៈ​សារមួយផ្ញើ​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​ការ​ធ្លាក់​ថ្លៃ​ប្រាក់​បាត​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ពេល​ថ្មីៗ​នេះ ធនាគារ​កណ្តាល​ថៃ ​បាន​និយាយ​ថា​ ភាព​ទន់​ខ្សោយ​របស់​រូបិយប័ណ្ណ​ត្រូវ​បាន​រុញ​ច្រាន​ជា​ចម្បង​ដោយភាពខ្លាំងនៃ​ប្រាក់​ដុល្លារអាមេរិក​។

ជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃ​ អ្នកស្រី ឆៃយ៉ាវឌី ឆៃអាណន់ (Chayawadee Chai-Anant) បាននិយាយនៅក្នុងសារថា៖ « មានភាពមិនច្បាស់លាស់ផងដែរ​ អំពីការបន្ធូរបន្ថយវិធានការ​បិទខ្ទប់របស់ប្រទេសចិន​ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ថៃ»​។

ប្រាក់បាត​បានធ្លាក់ចុះដល់កម្រិត​ទាបបំផុត​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល ១៦ឆ្នាំមកនេះ​។ វា​បាន​ធ្លាក់​ថ្លៃ ១៣% ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​ឆ្នាំ២០២២​។

បើតាមជំនួយការអគ្គទេសាភិបាលធនាគារកណ្តាលថៃដដែល​ វិនិយោគិនបរទេសនៅតែបានទិញទ្រព្យសកម្មប្រមាណ​ ១១០ ពាន់លានបាត (២,៩០ ពាន់លានដុល្លារ) នៃទ្រព្យសកម្មថៃរហូតមកដល់ពេលនេះ​ ដែលការទិញមានចំនួនជាង ១៤០ ពាន់លានបាតក្នុងភាគហ៊ុន និងការលក់ចំនួន ៣០ ពាន់លានបាតជាមូលបត្របំណុល​។

ធនាគារកណ្តាលថៃ​ កំពុងជំរុញផងដែរឱ្យវិស័យឯកជនគ្រប់គ្រងហានិភ័យរូបិយប័ណ្ណ​ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ​ ដោយសារភាពមិនប្រាកដប្រជានៅតែមានកម្រិតខ្ពស់​។ អ្នកស្រី ឆៃយ៉ាវឌី បានបញ្ជាក់បន្ថែមបែបនេះ៕ ដោយ៖ លី លីយ៉ា

ads banner