ពលរដ្ឋអាមេរិក៤២ភាគរយថា កត្តាហិរញ្ញវត្ថុប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគេ

អាមេរិក៖ហិរញ្ញវត្ថុគឺជាកត្តាតានតឹងដ៏ខ្លាំងសម្រាប់មនុស្សជាច្រើន។ នៅក្នុងសហរដ្ឋអាមេរិក ៤២ភាគរយ នៃមនុស្សពេញវ័យ និយាយថាលុយកំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ នេះបើតាមការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Bankrate។

ក្នុងចំណោមមនុស្សគ្រប់វ័យទាំងអស់ ក្រុមអ្នកដែលមានអាយុចន្លោះពី ២៦ ទៅ ៤១ ឆ្នាំ ជួបប្រទះការថប់ បារម្ភ ផ្នែកហិរញ្ញវត្ថុច្រើនបំផុត ពោលគឺមានចំនួន ៤៨ភាគរយ។

អ្នកជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ លោក វីលៀម (T.J. Williams) បានមានប្រសាសន៍ថា ក្រុមមនុស្សអាយុពី ២៦ ទៅ៤១ ឆ្នាំត្រូវជួបទុក្ខភ័យព្រួយច្រើនពីរឿងលុយកាក់ ព្រោះថា៖ «នោះជាពេលដែលយើង មានកូនដំបូង ចាប់ផ្ដើមដំបូង ឬមានភាពអសន្តិសុខជុំវិញការងារយើង ព្រោះយើងមិនបានធ្វើវាយូរល្មមគ្រប់គាន់។ យើង នៅមិនទាន់បានសន្សំប្រាក់កាសទេ»។

អ្នកជំនាញដដែលនេះ បានពន្យល់ទៀតថា ទាំងនោះគឺជាបទពិសោធន៍ធម្មតាដែលមនុស្សមានរាប់ជំនាន់មកហើយ ប៉ុន្តែសង្គមបានបង្កើតភាពខុសគ្នាទៅលើបទពិសោធន៍។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានដាក់សម្ពាធដែលមិនសមហេតុផលយ៉ាងច្រើន»។

គួរកត់សម្គាល់ថា ចំនួនស្ត្រីដែលបង្ហាញថាលុយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពផ្លូវចិត្តរបស់ពួកគេមានច្រើនជាងបុរស ដោយស្ត្រីមាន ៤៦ភាគរយ ធៀបនឹងបុរស ៣៨ភាគរយ។ ហើយនៅពេលនិយាយដល់ប្រាក់ចំណូលវិញ ជាធម្មតា គឺអ្នកដែលមានប្រាក់ចំណូលទាប ជួបប្រទះនឹងបញ្ហាផ្លូវចិត្តច្រើនជាងអ្នកដែលមានប្រាក់ចំណូលខ្ពស់។

លុយគឺជាអាវុធមុខពីរ។ លុយអាចទាំងធ្វើឲ្យមនុស្សរីករាយ និងកើតទុក្ខ។ ទីប្រឹក្សាផ្នែកសន្តិសុខហិរញ្ញវត្ថុ បានផ្តល់យោបល់ថា៖ «ប្រសិនបើអ្នកចង់ចាប់យកសុខភាពផ្លូវចិត្តជាអាទិភាព ការបន្ថយការថប់ បារម្ភ មួយចំនួនជុំវិញការគ្រប់គ្រងថវិកា គឺជាគន្លឹះដ៏ល្អមួយដែលអ្នកគួរតែចាប់ផ្តើមអនុវត្តមុនគេ»។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រ៣ យ៉ាងដែលអ្នកជំនាញផ្តល់ជូនដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងអាចរក្សាសុខភាពផ្លូវចិត្តវិជ្ជមានបាន៖

១. បង្កើតទុនបម្រុងសាច់ប្រាក់៖ សន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីទុកប្រើប្រាស់ក្នុងករណីបន្ទាន់ ឬចាំបាច់ណាមួយ។

២. សរសេរផែនការទុកសម្រាប់ដោះស្រាយការសងបំណុល ហើយព្យាយាមធ្វើឱ្យយ៉ាងណាសម្រេចវាឲ្យបានដូចការគ្រោងទុក។

៣. ពិនិត្យប្រចាំខែ (ឬប្រចាំសប្តាហ៍) នូវថវិកាដែលអ្នកមាន ដែលនេះមានន័យថា ត្រូវគិតគូរពីចំនួនប្រាក់ដែលអ្នកត្រូវការសម្រាប់ចំណាយលើថ្លៃផ្សេងៗដូចជា ថ្លៃជួលផ្ទះ ទិញសម្ភារឧបករណ៍ប្រើប្រាស់ផ្សេងៗ និងគ្រឿងទេសជាដើម។ សម្រាប់មនុស្សមួយចំនួន ពួកគេក៏ទំនងជាត្រូវពិចារណាដែរ ចំពោះការចំណាយលើថាមពល និងថ្លៃធានារ៉ាប់រង។

អ្នកជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុ លោក វីលៀម បានសង្គត់ធ្ងន់ដែរថា គេអាចពិចារណាពីដៃគូជីវិតដើម្បីដោះស្រាយបន្ទុកហិរញ្ញវត្ថុដែលអាចនាំឱ្យប៉ះពាល់ដល់ផ្លូវចិត្ត។ ឧទាហរណ៍ដូចជាព្យាយមជ្រើសរើសដៃគូដែលមានទំនួលខុសត្រូវ អាចឱ្យអ្នកចែករំលែកគោលដៅហិរញ្ញវត្ថុជាមួយគ្នាបាន ហើយដៃគូនោះទៀតសោធ គួរតែមិនមែនជាបុគ្គលដែលអង្គុយចាំតែរិះគន់វិនិច្ឆ័យ តែត្រូវជាបុគ្គលម្នាក់ដែលតាមគាំទ្រអ្នក ក្នុងពេលជួបបញ្ហា។

លោក វីលៀម បន្តថាមនុស្សគ្រប់រូបត្រូវចងចាំថា អ្វីៗគ្រប់យ៉ាងដែលគេឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេ។ «ការប្រៀបធៀប ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាមួយអ្នកដទៃ ដោយសារពួកគេបង្ហោះរូបភាពធ្វើដំណើរកម្សាន្ត ឬទិញរថយន្តថ្មី នឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែមិនល្អ»៕ ដោយ៖ លី លីយ៉ា

ads banner