មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការអន្ទាក់សូន្យបញ្ឈប់ការជួញដូរសត្វព្រៃបាន ផ្តល់សារៈយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់

ខេត្តមណ្ឌលគិរី៖ ក្នុងយុទ្ធនាការអន្ទាក់សូន្យ បញ្ឈប់ការជួញដូរសត្វព្រៃបាន ផ្តល់សារៈយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។ក្នុងចំណោមនេះនៅតាមភោជនីយដ្ឋានក្នុងខេត្តគោលដៅត្រូវបានគេរំពឹងថា នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃនៅកម្ពុជា។

ថ្លែងក្នុងសន្នសីទសារព័ត៌មាននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖បញ្ឈប់ការជួញដូរសត្វព្រៃនៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២២ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖យុទ្ធនាការនេះគឺផ្តល់សារៈសំខាន់គ្រប់ភាគីរួមទាំងក្រសួង អាជ្ញាធរ អង្គការដៃគូក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តមបានមានប្រសាសន៍ថា រយៈពេល ៦ខែនៃយុទ្ធនាការអន្ទាក់សូន្យដែលក្នុងនេះមាន ៦ខេត្ត កន្លងមកគឺមានការចាប់អារម្មណ៍ខ្ពស់ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបទមួយដល់ក្នុងចំណោមប្រជាពលរដ្ឋសម្រាប់ចូលរួមក្នុងការកាត់បន្ថយដែលបានដាក់សម្ពាធទៅលើធនធានធម្មជាតិនិងសត្វព្រៃ។

ឯកឧត្តមមានប្រសាសន៍ថា មានភោជនីយដ្ឋានចំនួន ៣២ក្នុងខេត្ត មណ្ឌលគិរីបានចូលរួមមិនលក់សាច់សត្វព្រៃ ហើយក្នុងចំណោមភោជនីយដ្ឋានទាំងនេះគឺកន្លងមកមានសកម្មភាពលក់សត្វព្រៃច្រើន ហើយក្នុងយុទ្ធនាការនេះក្រសួងនិងសហការគ្នាយ៉ាងល្អជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ពិតជាមានសារៈសំខាន់ដែលក្រសួងបរិស្ថាន ក្រសួងកសិកម្ម រដ្ឋបាលខេត្ត មណ្ឌលគិរី និងក៏ដូចជាមន្ទីរបរិស្ថាន អង្គការWWF និងអង្គការពាក់ព័ន្ធផ្សេងទៀតដែលខិតខំបំពេញភារៈកិច្ចក្នុងការទប់ស្កាត់ ការជូញដូរសត្វព្រៃខុសច្បាប់។

ឯកឧត្តមមានប្រសាសន៍ដោយបញ្ជាក់បន្ថែមថា តាមរយៈការធ្វើយុទ្ថនាការអន្ទាក់សូន្យកន្លងមកបានទទួលការចាប់អារម្មណ៍ខ្លាំងទៅលើប្រជាពលរដ្ឋ។តាមរយៈយុទ្ធនាការនេះដែរក្នុងគោលបំណងមួយគឺ ផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជា ឥរិយាបទចំពោះសត្វព្រៃ ។ក្នុងនេះវាបង្ហាញពីផលលំបាកពាក់ព័ន្ធនឹង អន្ទាក់ដែលវាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃ ទេ តែវាបានបង្កការប៉ះពាល់ដល់សុវត្តភាពមនុស្សទៀតផង។

គួរបញ្ជាក់ថាក្នុងយុទ្ធនាការនេះមានការចុះទៅដល់ភោជនីយដ្ឋានដែលបានចូលរួមសហការក្នុងការបញ្ឈប់លក់សាច់សត្វព្រៃ ដែលជាទីកន្លែងដ៏សំខាន់ក្នុងការប្រព្រឹត្តិបទល្មើសសត្វព្រៃទៀតផង។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា “យុទ្ធនាការមួយនេះបានតម្រង់ទិសទៅដល់ភោជនីយដ្ឋាន ដែលជាកន្លែងមួយយើងយល់ថាកន្លែងចែកចាយសត្វព្រៃ ហើយក៏ជាកន្លែងមួយនាំឱ្យមានការដាក់អន្ទាក់ បរបាញ់សត្វព្រៃជាដើម”។

ឯកឧត្តម ចាន់រតនា អភិបាលរងនៃគណៈអភិបាល ខេត្តមណ្ឌលគិរីបានថ្លែងថា៖អាជ្ញាធរបានធ្វើការទប់ស្កាត់និងបង្រ្កាបការជួញដូរសត្វព្រៃយ៉ាងខ្លាំងក្លាដើម្បីថែរក្សាសត្វព្រៃនៅលើទឹកដីមណ្ឌលគិរីឱ្យបានគង់វង្ស។មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រឹមតែចុះទប់ស្កាត់ និងបង្រ្កាបការជួញដូរសត្វព្រៃទេនៅថែមទាំងថែរក្សាទីជម្រកសត្វព្រៃយ៉ាងខ្លាំងក្លាស្ទើរគ្រប់កន្លែងទៀតផង។

ដោយឡែក លោក សេង ទៀក នាយកអង្គការ WWF កម្ពុជាបានបញ្ជាក់ឱ្យដឹងថា តាមរយៈយុទ្ធនាការនេះលោកសង្ឃឹមជឿជាក់ថាប្រជាពលរដ្ឋនឹងចូលរួម ហើយបើគ្រប់ភាគីបានរួមសហការគ្នានោះយើងនឹងអាចរក្សាបាននូវចំនួនសត្វព្រៃនៅកម្ពុជា។

ជាមួយគ្នាលោកបានបានថ្លែងឱ្យដឹងដែរថា សត្វព្រៃពិតជាមានសារៈសំខាន់លើវិស័យទេសចរណ៍ ហើយបើយើងរក្សាបាននូវចំនួនសត្វព្រៃ នោះនៅថ្ងៃអនាគតពិតជានាំមកនូវចំណូលដល់សេដ្ឋកិច្ចជាតិពិសេសសហគមន៍មូលដ្ឋានពិតជាទទួលបានផលប្រយោជន៍មួយយ៉ាងខ្ពស់។

នាយកអង្គការ WWF រូបនេះបានអំពាវនាវឱ្យពលរដ្ឋបញ្ចប់ការដាក់អន្ទាក់សត្វ បញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃនិងធនធានជម្មជាតិដើម្បីជាឧត្តមប្រយោជន៍ទាំងអស់គ្នាទាំងពេលបច្ចុប្បន្ន និងអនាគត។

គួរបញ្ជាក់ថា៖យុទ្ធនាការជួញដូរសត្វព្រៃគឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាននិងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមក៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner