រដ្ឋាភិបាលបានចំណាយជាង១៣៣ពាន់លានរៀល ដើម្បីឧបត្ថម្ភកម្មករពេលសម្រាលកូន
ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៨ បានចាយថវិកាចំនួន១៣៣ពាន់លានរៀល ឬស្មើនឹង៣៣លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភកម្មការិនីពេលសម្រាលកូន។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃសៅរ៍ ទី២២តុលានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា៖ «គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានកម្មការិនីឆ្លងទន្លេ ចំនួន៤២ ៦០៨នាក់ កូនចំនួន៤២ ៩២២នាក់ យើងបានប្រើប្រាស់លុយអស់ ១៧ពាន់លានរៀល ជាការធានាសង្គមសម្រាប់កម្មការិនីឆ្លងទន្លេ។បើគិតពីពេលយើងចាប់ផ្ដើមអនុវត្ត ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ពេលនេះ កម្មការិនីឆ្លងទន្លេ មានចំនួន៣៣ ៧២២នាក់ បានសម្រាលកូនអស់ទឹកប្រាក់ចំនួន ១៣៣ពាន់លានរៀល។ នេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីសម្រាលការលំបាកចំពោះអ្នកដែលមានផ្ទៃពោះ»។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា ក៏បានឧបត្ថម្ភដល់ស្ដ្រីមានផ្ទៃពោះមានជីវភាពលំបាក។ ពោលគឺ ការឧបត្ថម្ភត្រូវធ្វើឡើងចំនួន៤ដង មុនពេលសម្រាល និងចំនួន១០ដង ក្រោយការសម្រាលកូនរួច។
គួរកត់សម្គាល់ថា យន្តការឧបត្ថម្ភកម្មករនៅអំឡុងពេលសម្រាលកូន គឺជាយន្តការមួយក្នុងចំណោមយន្តការផ្សេងទៀត ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីសម្រាលជីវភាពប្រជាពលរដ្ឋ។ យន្តការផ្សេងទៀត រួមមានការផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ និងការរួមចំណែកផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកូវីដ១៩។

ក្នុងដំណាក់កាលកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញយន្តការផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយឧបត្ថម្ភគ្រួសារដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។
សូមជម្រាបថា រដ្ឋាភិបាលបានចាយថវិកាចំនួន ៧៦ ៨៩៦ ៣២០ ០០០រៀល សម្រាប់ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារមួយចំនួន គិតចាប់តាំងពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន៕ ដោយ៖ សេក ប្រាក់