ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងសំណេះសំណាលជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់ស្រូវពូជ និងសំណេះសំណាលជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាខេត្តមួយ បានរងការជនលិចធ្ងន់ធ្ងរដោយសារទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកា ជូនដល់ប្រជាកសិករ ក្រៅតែពីផ្តល់ស្រូវពូជហើយនោះ ដើម្បីជួយដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះ បានធ្វើឱ្យប៉ះពាល់ក្រុង/ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។

ឯកឧត្តម អុំ រាត្រី បានបន្តថា ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ស្រី ៣៣,៥៨៤នាក់ ជម្លៀស ៨២១គ្រួសារ មនុស្សរាយ ៣,២៦៧នាក់ ស្រី១,៧៧៨នាក់ កុមារ ៦៥២នាក់ លង់ទឹកស្លាប់ ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ ជាមួយនឹងការកើតមានគ្រោះមហន្តរាយនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាបសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តម អុំ រាត្រី និង ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានចុះសំណេះសំណាល និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយសារទឹកជំនន់ជាបន្តបន្ទាប់ផងដែរ ។ គិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបានចុះសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានប្រមាណ ៤,៦៤៨គ្រួសារ ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner