ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ ចិន​​កំពុង​ចុះ​ខ្សោយ​ភាព​ខ្លាំង​របស់​ខ្លួន​លើ​​​ផលិតកម្ម​ និង​​ការ​​​នាំ​​ចេញ​

ចិន៖ ប្រទេស​ចិន​កំពុង​បាត់​បង់​ចំណែក​ទីផ្សារ​ផលិតកម្ម​ និង​ការ​នាំ​ចេញ​​របស់​ខ្លួន​កាន់​តែ​ច្រើន​ នៅ​ក្នុង​វិស័យ​សំខាន់​ៗបើ​ប្រៀប​ធៀប​នឹង​ប្រទេស​​​​ជិត​ខាង​នៅ​អាស៊ី​ ដោយ​សារ​តែ​គោលនយោបាយ​សូន្យ​កូវីដ​ ​ដែល​ជា​កត្តាសំ​ខាន់​នាំ​ទៅ​រក​ការ​ចុះ​ខ្សោយ​នៃ​ភាព​ខ្លាំង​របស់​ក្រុង​ប៉េកាំង​ក្នុង​ការ​គ្រប់​គ្រង​ពាណិជ្ជកម្ម​ពិភព​លោក​។ ​​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNBC ដែល​ស្រង់​ទិន្នន័យ​ពី​​​ក្រុមហ៊ុន​សេដ្ឋកិច្ច​ដឹក​ជញ្ជូន​ MDS Transmodal​។

ទិន្នន័យ​ចុង​ក្រោយ​បង្ហាញ​ថា​ ប្រទេស​ចិន​បាន​បាត់​បង់​ការ​លក់​​​​​​សំខាន់​ៗ​ ​រួម​មាន​សម្លៀក​បំពាក់​ និង​គ្រឿង​បន្លាស់​ ស្បែក​ជើង​ គ្រឿង​សង្ហារឹម​ និង​ទំនិញ​​សម្រាប់​ការ​ធ្វើ​ដំណើរ ​ខណៈ​​ការ​នាំ​ចេញ​រាប់​តាំង​ពី​រ៉ែ​រហូត​ដល់​គ្រឿង​បច្ចេក​វិទ្យា​សម្រាប់​ការិយាល័យ​ ក៏​មាន​ការ​ធ្លាក់​ចុះ​។

លោក​ស្រី​ Antonella Teodoro ​អ្នក​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​​ MDS Transmodal ​បាន​អះ​​អាង​​ថា​ វិធានការ​សូន្យ​កូវីដ​​របស់​ចិន​ កំពុង​ជះ​ឥទ្ធិពល​ដល់​ផលិតកម្ម​ ហើយ​​ក្រុម​ហ៊ុន​អ្នក​ផលិត​ក៏​កំពុង​ងាក​ចេញ​ពី​ចិន​ ដោយ​សម្លឹង​មើល​ការ​វិនិយោគ​ដាក់​រោង​ចក្រ​នៅ​ប្រទេស​ដទៃ​។

លោក​ស្រី​ Teodoro ​បាន​​បន្ត​ថា​៖ «​បើ​មើល​ពី​​​ក្រុម​ទំនិញ​នីមួយ​ៗ​ដែល​នាំ​ចេញ​ពី​​ចិន​ យើង​​សង្កេត​ឃើញ​ថា ​ប្រទេស​ចិន​បាន​និង​កំពុង​បន្ត​បាត់​បង់​ចំណែក​ទីផ្សារ​ ដោយ​វៀតណាមស្ថិត​​​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​បាន​នូវ​សារៈ​សំខាន់​​ពី​ការ​បាត់​បង់​នេះ​​»។​

លោកស្រី​ Teodoro ​បាន​អះ​អាង​ទៀត​ថា​ ភាព​ជិត​ស្និទ្ធ​របស់​វៀតណាម​ទៅ​នឹង​​ចិន​ និង​កម្លាំង​ពលកម្ម​ថោក​ គឺ​ជា​ហេតុ​ផល​ដែល​វៀតណាម​ក្លាយ​ជា​ជម្រើស​ដ៏​សម​ស្រប​មួយ​សម្រាប់​អ្នក​វិនិយោគ​ងាក​ចេញ​ពី​ចិន​។ លោក​ស្រី​បន្ត​ថា​៖ «​​​ខ្សែ​ដឹក​ជញ្ជូន​កំពុង​ស្វែង​រក​ទីផ្សារ​​ និង​ការ​វិនិយោគ​ថ្មី​ ហើយ​បន្ទាប់​មក​ធ្វើ​ការ​​ពង្រីក​ទីផ្សារ​ថ្មី»​​។ ​​

​ការ​​ប្រកួត​​ប្រជែង​គ្នា​ មាន​លក្ខណៈ​​កាន់​​តែ​​ខ្លាំង​​ឡើង​ៗ​​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​​​ឆ្នាំ​​មុន​​វិបត្តិ​​កូវីដ​។​ ប្រទេស​វៀតណាម​ ជា​អ្នក​ទទួល​​ផល​យ៉ាង​ខ្លាំង​ពី​វិស័យ​ផលិត​កម្ម​ ដែល​ងាក​ចេញ​ពី​ចិន​ ជាមួយ​នឹង​ការ​កើន​ឡើង​រហូត​ដល់​ ៣៦០ ភាគ​រយ​នៃ​ពាណិជ្ជកម្ម​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​។ ​បើ​យោង​តាម​ក្រុមហ៊ុន​ MDS Transmodal ដដែល​ ប្រទេស​​ម៉ាឡេស៊ី ​និង​បង់ក្លាដែស​ ​ក៏​ទទួល​ចំណែក​នៃ​ការ​វិនិយោគ​លើ​វិស័យ​ផលិត​កម្មកាត់​ដេរ​​មួយ​ចំនួន​ ដែល​ដក​ខ្លួន​ចេញ​ពី​ចិន​ ​​ខណៈ​កោះ​​​តៃវ៉ាន់​ ក៏​គេ​​​មើល​ឃើញ​ពី​ការ​កើន​ឡើង​ស្តួច​ស្ដើង​ផង​ដែរ​ក្នុង​​ផលិតកម្មដែក​។ ​

​អនុ​ប្រធាន​ជាន់​ខ្ពស់​ផ្នែក​ផលិត​ផល​អាស៊ីប៉ាស៊ីហ្វិក​​របស់​ក្រុមហ៊ុន​ SEKO Logistics​ លោក​ ​​ Akhil Nair បាន​គូស​បញ្ជាក់​ថា​ ចាប់​តាំង​ពី​ពន្ធ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០១៨​ មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​ងាក​ចេញ​ពី​ការ​វិនិយោគ​ពី​ក្នុង​ប្រទេស​ចិន។

​បញ្ហា​នេះ​ កាន់​តែ​អាក្រក់​ទៅៗ​ជាមួយ​នឹង​ការ​បិទ​ខ្ទប់​ដោយ​សារ​វិបត្តិ​កូវីដ​ និង​​ការ​រំខាន​នៅ​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​​ ដោយ​​ក្រុម​ហ៊ុន​ជា​ច្រើន​ធ្វើ​ការ​ងាក​ចេញ​ពីចិន​ រួច​ហើយ​ទៅ​វិនិយោគ​ជាមួយ​ប្រទេស​ជិត​ខាង​ចិន​ ដូចជា​វៀតណាម​ទៅ​វិញ​៕ ដោយ៖ ហួន ឌីណា

ads banner