អាមេរិក រំឭកប្រទេសហុងគ្រី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ីថា ខ្លួនជាសម្ព័ន្ធមិត្តលោកខាងលិច
អាមេរិក៖ស្ថានទូតអាមេរិកប្រចាំក្រុងប៊ុយដាប៉េស បានធ្វើការវាយបកខ្លាំងៗចំពោះការអត្ថាធិប្បាយបែបប្រឆាំងលោកខាងលិចពីរដ្ឋាភិបាលគាំទ្ររុស្ស៊ីរបស់លោកនាយករដ្ឋមន្រ្តី វីកទ័រ អរបាន (Viktor Orban) ដោយរំឭកថា ហុងគ្រីជាសម្ព័ន្ធមិត្តរបស់បស្ចិមលោក មិនមែនក្រុងម៉ូស្គូទេ។
ក្នុងការវាយបកដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រនោះ ស្ថានទូតអាមេរិកបានភ្ជាប់ជាមួយនឹងវីដេអូមួយ ដែលបង្ហាញពីការអត្ថាធិប្បាយប្រឆាំងអាមេរិកចំនួនប្រាំ ដែលមន្រ្តីរដ្ឋាភិបាល ឬប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើឡើង។ ស្ថានទូតបានស្នើឱ្យអ្នកប្រើប្រាស់ធ្វីតធឺរ ធ្វើការទាយលើការអត្ថាធិប្បាយទាំងនោះ ថាវាចេញមកពីមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ឬក្រុមមេដឹកនាំរបស់ហុងគ្រី ហើយចម្លើយត្រឹមត្រូវនោះ គឺចេញមកពីក្រុមមេដឹកនាំរបស់ហុងគ្រី។
ការអត្ថាធិប្បាយមួយប្រឆាំងអាមេរិកមួយក្នុងចំណោមនោះគឺ៖ «[អាមេរិក] ជាអ្នកទទួលផលពីសង្គ្រាម[អ៊ុយក្រែន] ដូច្នេះប្រទេសនេះមិនសូវចាប់អារម្មណ៍ក្នុងការបញ្ចប់វាឱ្យបានយ៉ាងឆាប់រហ័សនោះទេ»។
សំណួររបស់ស្ថានទូតអាមេរិកបែបនេះ ធ្វើឡើងដើម្បីឆ្កឹរឱ្យរដ្ឋាភិបាលហុងគ្រីឃើញ ជុំវិញការរិះគន់ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។ ស្ថានទូតអាមេរិកបានលាតត្រដាងថា គណបក្សប្រឆាំងនៅហុងគ្រីបានអះអាងថា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន គឺជាលទ្ធផលមួយនៃការចំណាយលើសកម្រិតរបស់រដ្ឋាភិបាលលោក អរបាន តាមរយៈការខ្ជះខ្ជាយលុយដែលសហភាពអឺរ៉ុបផ្ដល់ឱ្យ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្ស Fidesz បានរិះគន់ទៅលើក្រុមប្រទេសបស្ចិមលោកទៅវិញ ហើយអះអាងថា សង្គ្រាមឈ្លានបានអ៊ុយក្រែនរបស់រុស្ស៊ី គឺជាកំហុសរបស់អាមេរិក។ លើសពីនេះ លោកនាយករដ្ឋមន្រ្តី អរបាន ផ្ទាល់ ជាញឹកញយបានបន្ទរការឃោសនារបស់វិមានក្រឹមឡាំងថា សង្រ្គាមរបស់រុស្ស៊ីផ្ទុះឡើងដោយសារតែការពង្រីកខ្លួនរបស់ណាតូ ទោះបីជាការលើកឡើងនេះ ត្រូវបានសម្ព័ន្ធមិត្តលោកខាងលិចចាត់ទុកថាជាលេសដើម្បីឱ្យរុស្ស៊ីធ្វើការឈ្លានពានក្ដី។
មិនត្រឹមតែប៉ុណ្ណេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto តែងជួបប្រជុំជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov និងជាមួយនាយកក្រុមហ៊ុនថាមពលរដ្ឋរុស្ស៊ីដូចជាក្រុមហ៊ុន Rosatom និង Gazprom ដើម្បីទទួលបានការផ្គត់ផ្គង់ថាមពលជាបន្តបន្ទាប់។ នេះគេមិនរាប់បញ្ជូលទាំងការតម្លើងស្លាកសញ្ញាផ្សព្វផ្សាយតាមផ្លូវ អំពីការបន្ទោសលើទណ្ឌកម្មអឺរ៉ុបចំពោះរុស្ស៊ីថាជាអ្នកកម្ទេចសេដ្ឋកិច្ចហុងគ្រី ខណៈប្រព័ន្ធផ្សាយរដ្ឋហុងគ្រី ក៏មិនហ៊ានផ្សាយថា រុស្ស៊ីរងផលប៉ះពាល់ពីទណ្ឌកម្មទាំងនោះ ឬអ៊ុយក្រែនមានប្រៀបជាងរុស្ស៊ីនោះដែរ។
ស្ថានទូតអាមេរិកបានគូសបញ្ជាក់អ្វីដែលជាការហួសចិត្តមួយ គឺថា រដ្ឋាភិបាលហុងគ្រីបានបោះឆ្នោតគាំទ្ររាល់ទណ្ឌកម្មរបស់ក្រុងប្រ៊ុចសែលទៅលើរុស្ស៊ី ប៉ុន្តែបែរជាធ្វើការវាយប្រហារទណ្ឌកម្មទាំងនោះទេវិញ។
ក្នុងធ្វីតដដែល ស្ថានទូតអាមេរិកបានសរសេរថា៖ «ហុងគ្រី និងសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្ត។ ដោយសារការឈ្លានពានរបស់រុស្ស៊ីគំរាមកំហែងយើងទាំងអស់គ្នា យើងត្រូវឈរជាមួយគ្នា មិនត្រូវបែកចេញពីគ្នាឡើយ»។
សូមបញ្ជាក់ថា ហុងគ្រី ដែលមិនបានឆ្លើយតបយ៉ាងណាចំពោះប្រតិកម្មរបស់អាមេរិកចុងក្រោយនេះ គឺជាសម្ព័ន្ធមិត្តរុស្ស៊ីដ៏ជិតស្និទ្ធមួយក្នុងចំណោមប្រទេសអឺរ៉ុប ដែលមានទំនាក់ទំនងទាំងនយោបាយ និងសេដ្ឋកិច្ច ហើយជារឿយៗតែបញ្ចេញសម្ដីជំទាស់សកម្មភាពរួមគ្នាប្រឆាំងនឹងរុស្ស៊ីរបស់បស្ចិមលោក។ កាលពីខែមុន សភាសហភាពអឺរ៉ុបបានបោះឆ្នោតដាក់ហុងគ្រី ថាលែងជាប្រទេសលទ្ធិប្រជាធិបតេយ្យទៀតហើយ ដោយស្តីបន្ទោសរដ្ឋាភិបាលហុងគ្រីចំពោះជុំវិញការបង្រ្កាបក្រុមបក្សប្រឆាំង និងការធ្លាក់ចុះនៃសិទ្ធសេរីភាពបញ្ចេញមតិក្នុងស្រុកជាដើម៕ ដោយ៖ ហួន ឌីណា