មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ យុទ្ធនាការបញ្ឈប់ការជួញដូរនិងហូបសាច់សត្វព្រៃមានគោលបំណងសំខាន់ៗចំនួន៣

ខេត្តមណ្ឌលគិរី៖ យុទ្ធនាការបញ្ឈប់ការជួញដូរ និង ហូបសាច់សត្វព្រៃដែលជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាន និងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមកត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានលើកឡើងថាមានគោលបំណងសំខាន់ៗចំនួន៣ដើម្បីឱ្យម្ចាស់ភោជនីយដ្ឋាន មន្រ្តីពាក់ព័ន្ធ អង្គការដៃគូនិងក៏ដូចជាពលរដ្ឋទូទៅរួមគ្នាបញ្ឈប់ការជួញដូរ ហូបសាច់ព្រៃ និងក៏ដូចជាការសម្លាប់សត្វព្រៃជាដើម។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាក្នុងយុទ្ធនាការថ្មីមួយទៀតនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ រួមមានទី១៖ លើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដោយបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួននិងចូលរួមផ្សព្វផ្សាយឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ទី២៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈនូវហានីភ័យសុខភាពពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃ និងឃោសនាជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរផ្នត់គំនិតមិនត្រឹមត្រូវពាក់ព័ន្ធនឹងការបរិភោគសាច់សត្វព្រៃដែលវាមិនផ្តល់ប្រយោជន៍សម្រាប់សុខភាព ឬគ្មានឥទ្ធិពលអ្វីបង្ហាញពីកិត្តិយស ឬឋានៈក្នុងសង្គមដូចអ្វីដែលមនុស្សមួយចំនួនតូចបានគិត និងដើម្បីឱ្យពួកគេបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។ ទី៣៖ ផ្សព្វផ្សាយជាសាធារណៈឱ្យបានទូលំទូលាយបន្ថែមទៀតអំពីយន្តការអនុវត្តច្បាប់របស់ខេត្តមណ្ឌលគិរីក្នុងនោះមានក្រុមជំនួយអនុវត្តច្បាប់ចល័ត ព្រមទាំងសេចក្តីណែនាំ និង វិធានការនានារបស់ខេត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ “មានភោជនីយដ្ឋានចំនួន៣២នៅខេត្តមណ្ឌលគិរីបានចូលរួមប្រកាសថានឹងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃទេ ហើយភោជនីយដ្ឋានទាំងនោះគឺជាភោជនីយដ្ឋានដែលមានអតិថិជនច្រើន និងមានឈ្មោះបោះសម្លេងផងដែរ”។

គួរបញ្ជាក់ថាក្នុងពិធីនេះដែរគេឃើញ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ,រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា បានអញ្ចើញចុះបិទស្លាកដែលបញ្ជាក់ពីខ្លឹមសារឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃនៅតាមភោជនីយដ្ឋាននៅទីក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ទៀតផង។

ក្នុងពិធីនេះដែរ ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងបញ្ជាក់ថា “ក្នុងយុទ្ធនាការដែលយើងបានចាប់ផ្តើមពីថ្ងៃទី ២២ខែតុលា ឆ្នាំ ២០២២នេះគឺជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ហើយពេលនេះយើងបានបញ្ចប់យុទ្ធនាការអន្ទាក់សូន្យ ហើយឥឡូវនេះយើងបានផ្តោតទៅលើការបញ្ឈប់ការជួញដូរសត្វព្រៃដែលតម្រង់ទិសទៅលើផ្នែកភោជនីយដ្ឋានដែលជាកន្លែងមួយយើងយល់ថាជាកន្លែងចែកចាយ សាច់សត្វព្រៃ ហើយក៏ជាកន្លែងមួយដែលធ្វើឱ្យមានការដាក់អន្ទាក់ និងមានការលក់ដូរ”។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ព្រមតាំងអំពាវនាវឱ្យភោជនីយដ្ឋានបញ្ឈប់ការលក់សាច់សត្វព្រៃ សូមកុំចូលព្រៃសម្លាប់សត្វព្រៃត្រូវបញ្ឈប់បន្ទាន់។ ព្រោះថា អំពើទាំងនេះខុសច្បាប់ វាជាទង្វើដែលសង្គមមិនទទួលស្គាល់សោះឡើយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner