សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន និងស្បៀង ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៃខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ។
តាមរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។
ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ កន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋទាំអស់នាពេលនេះ ដែលព្រះអង្គទាំងទ្វេតែងយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំជួយប្រជាពលរដ្ឋពេលជួបនូវគ្រោះទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្តេចបានទុកអង្ករចំនួន ១០០តោន និងថវិកា ១០ម៉ឺនដុល្លារ សម្រាប់ឱ្យអាជ្ញាធរខេត្តទុកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់។
សម្តេចតេជោបានមានប្រសាសនថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវគណៈកម្មការស្បៀងបំរុងមួយ ដែលមានទាំងអង្ករ ស្រូវពូជ ពូជដំណាំផ្សេងៗ ដើម្បីការពារ និងធានានូវសន្តិសុខស្បៀង និងពូជ នៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ សម្តេច បានថ្លែងបន្តថា «ខ្ញុំធ្វើនាយករដ្ឋមន្ត្រី ដែលអាចថា រដ្ឋាភិបាលរបស់ខ្ញុំ មកដល់ពេលនេះ ជាង៣៨ឆ្នាំហើយ នៅលើពិភពលោកនេះ គ្មាននរណាដែលធ្វើនាយករដ្ឋមន្ត្រីដល់ទៅជិត ៤ទសវត្សរ៍ទេ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមិនឲ្យគេហៅថា “អាអត់ពូជទេ” អាអត់ពូជនៅកន្លែងនេះ មិនសំដៅទៅលើពូជអំបូរទេ អាអត់ពូជសំដៅទៅលើថា រដ្ឋាភិបាលខ្ញុំត្រូវធានាពូជស្រូវ និងពូជដំណាំដទៃទៀត សម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំតែងតែនិយាយថា រដ្ឋមន្ត្រីកសិកម្ម ដែលនៅជាមួយខ្ញុំតាំងពីឆ្នាំ១៩៨៥ និងមុនខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ខ្ញុំតែងតែប្រាប់ថា ប្រយ័ត្នណា កុំឲ្យគេហៅ “អាអត់ពូជ”។ “អាអត់ពូជ” មានន័យថា យើងស៊ីអស់ទាំងពូជស្រូវ»។ សម្តេតេជោ បានបញ្ជាក់ថា តាមរយៈការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចេញស្រូវពូជសម្រាប់ជួយអន្តរាគមន៍ចំនួន ៧០០០តោនហើយ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារទឹកជំនន់ ដើម្បីឲ្យពួកគាត់អាចស្តារឡើងវិញ ឲ្យបានឆាប់រហ័ស។ សម្តេចតេជោបានបញ្ជាក់ទៀតថា តាមរយៈការចែកពូជស្រូវនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលបានចុះពិនិត្យក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ស្រូវពូជបានដុះល្អ ប៉ុន្តែអ្វីដែលជាចំណុចរកឃើញ គឺប្រជាកសិករខ្លះគាត់ព្រោះពូជស្រូវក្រាស់ពេក ដែលទាមទារឲ្យមានការណែនាំ ពាក់ព័ន្ធបញ្ហាបច្ចេកទេសដាំដុះដល់កសិករបន្ថែម។ សម្តេច បានណែនាំឲ្យរដ្ឋមន្ត្រីកសិកម្មថ្មី ចាត់មន្ត្រីជំនាញកសិកម្ម ចុះជួយពន្យល់ និងណែនាំដល់ប្រជាកសិករ អំពីការព្រោះស្រូវ និងការប្រើប្រាស់ជី ថ្នាំ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងទទួលបានទិន្នផលខ្ពស់។
ទាក់ទងទៅនឹងស្ថានភាពកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ៣ថ្ងៃកន្លងមកនេះ យើងមិនមានករណីឆ្លងកូវីដ-១៩ថ្មីនោះទេ សូម្បីតែម្នាក់ នេះជាភាពជោគជ័យមួយសម្រាប់កម្ពុជាក្នុងការគ្រប់គ្រងទប់ស្កាត់ការឆ្លងកូវីដ-១៩ ទទួលបានភាពជោគជ័យទើបយើងមានលទ្ធភាពធ្វើសកម្មភាពផ្សេងៗនៅក្នុងសង្គមបានឡើងវិញ។ សម្តេចតេជោ បញ្ជាក់ថានេះហើយជាជោគជ័យនៃគោលនយោបាយនៃការចាក់វ៉ាក់សាំង។
ទាក់ទងទៅនឹងខួបលើកទី៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏ថ្លែងអំណរគុណដល់អន្តរជាតិ ដែលបានជួយសម្របសម្រួលនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ សម្ដេច ក៏បានមានប្រសាសន៍រំឭកអំពីភាគីពាក់ព័ន្ធសំខាន់ៗដែលឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោសិក្សាបន្ថែមទៀតថា នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាម ដោយមិនចំណាយគ្រាប់កាំភ្លើង និងមិនមានការបង្ហូរឈាម។
សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីថា ខ្លឹមសារទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ហើយច្បាប់កំពូលនេះត្រូវបានអនុវត្តយ៉ាងពេញលេញដោយ រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។ សម្តេចតេជោបន្តថា មានអ្នកខ្លះបានធ្វើការអត្ថាធិប្បាយខុសពីការពិតនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ដែលអាចនាំឲ្យមានភាន់ច្រឡំ។ ដូច្នេះ ហើយសម្តេចបានទទូចឲ្យមានការបក ស្រាយពីដំណើរការនៃការបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យបានច្បាស់កុំនិយាយឲ្យតែបាននិយាយដែលនាំឲ្យមានការយល់ច្រឡំ ។ សម្ដេច បន្តថា មានអ្នកខ្លះបានលើកឡើងថា យើងបានអនុវត្តខុសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចបានលើកជាសំណួរថា តើការកាត់ទោសមេដឹកនាំខ្មែរក្រហមមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែរឬទេ? គឺមិនមានទេ។ សម្តេចតេជោ បានបន្តថា យើងមិនដែលបំភ្លេចព្រមព្រៀងទីក្រុងប៉ារីសទេ ប៉ុន្តែអ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន គឺអ៊ុនតាក់មិនអាចសម្រេចបានទេ។ អ៊ុនតាក់បានចំណាយលុយអស់២ពាន់លានដុល្លារ បានបន្សល់ទុក ឲ្យកម្ពុជាជាប្រទេសមួយមាននៅតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរដែលធ្វើឱ្យយើងត្រូវបន្តជំនះដោះស្រាយដោយមា នព្រះរាជតម្រិះគាំទ្រដោយព្រះករុណាបិតា ដែលខ្ញុំជាអ្នកដាក់ចេញនូវនយោបាយឈ្នះឈ្នះនេះដោយផ្ទាល់ នឹងដឹកនាំអនុវត្តន៍ផ្ទាល់ និងមានប្រតិបត្តិករដែលនៅទីនេះ រាប់ទាំងបងប្អូនដែលរស់នៅក្នុងតំបន់អតីតខ្មែរក្រហមពីមុន អ្នកដែលបានចូលរួមសុទ្ធតែមានចំណែកទាំងអស់ប្រទេសយើងរំលត់ភ្លើងសង្គ្រា មមួយ ដោយមិនចាំបាច់ប្រើគ្រាប់មួយគ្រាប់ ពេលជោគជ័យធំបំផុត ដែលផ្ដល់ឱកាសឲ្យយើងអភិវឌ្ឍន៍ប្រទេស ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋគឺជាតួអង្គដ៏សំខាន់បំផុតដែ លនាំឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ក្នុងព្រឹត្តិការណ៍បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋនៅតែបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៣ ខាងមុខ៕ ស៊ូ វណ្ណលុក