នគរបាលខណ្ឌឬស្សីកែវ បង្ក្រាបករណីឆក់ទូរស័ព្ទ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងរត់គេចខ្លួនម្នាក់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ស្វាយប៉ាក បង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស( ឆក់ទរស័ព្ទដៃ) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងរត់គេចខ្លួនម្នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្តត់ ម៉្មាលីសា ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិអាមេរិកកាំង មានទីលំនៅ ផ្ទះ៩៣B ផ្លូវលេខ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរបុគ្គលឹកអង្គការ។ ចំណែកជនសង្ស័យទី១-ឈ្មោះ ម៉ាត់ ហាណាហ្វី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅផ្ទះលេខ១៤១៦ ភូមិ២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន និងទី២-ឈ្មោះ លី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (គេចខ្លួន) ។ សំភារៈដកហូតមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១X ០៤៤៩, ទូរស័ព្ទដៃ០១គ្រឿង ជារបស់ជនរងគ្រោះ និងប្រគល់ឲ្យជនរងគ្រោះវិញ។
សមត្ថកិច្ចបានប្តថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ ២នាក់ប្តី ប្រពន្ធ បានជិះផាស្អាប់ចេញពីផ្ទះមិត្តភក្តិ ឆ្ពោះទៅផ្ទះនៅឯសង្កាត់បឹងកក់២ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះកំពុងកាន់ ប៉ុន្តែប្តីឃើញទាន់ ស្ទះចាប់ទាញបណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ចាប់បានម្នាក់ រីឯជនសង្ស័យម្នាកទៀត ជាអ្នកបើកម៉ូតូ រត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ប៊ុនធី

