ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រេកអរ ដែលសម្ដេចនាយករដ្ឋមន្ត្រី អញ្ជើញចុះមកជួបសំណេះសំណាល និងផ្តល់ស្រូវពូជដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានបង្ហាញក្ដីរីករាយ និងថ្ឡែងអំណរគុណ ជូនចំពោះសម្ដេចនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចុះមកជួបសំណេះសំណាល និងផ្តល់ស្រូវពូជដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ។ ការសម្ដែងក្ដីរីករាយនេះ ធ្វើក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែតុលា ឆ្នាំ២០២២ ។

តាមរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ។

ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។ កន្លងមកនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់ ។

បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានលើកឡើងដូចៗគ្នា ពីស្ថានភាពទឹកជំនន់ ដោយមិនត្រឹមតែលិចលង់ស្រែដែលកំពុងបង្កបង្កើនផលនោះទេ ថែមទាំងមានការលិចលង់ទាំងផ្ទះសម្បែងទៀតផង។ ស្រែដែលកំពុងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ភាគច្រើនរងការខូចខាតទាំងស្រុង ទាំងស្រូវធ្ងន់ និងស្រូវស្រាល។
តែយ៉ាងណា ប្រជាពលរដ្ឋបានថ្លែងពីការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំជួយសម្រួលការលំបាក ក្នុងពេលដែលទឹកបានជន់លិចទាំងផ្ទះ និងស្រែដែលកំពុងបង្កបង្កើនផលផងដែរ ។

ថ្វីត្បិតរងគ្រោះដោយទឹកជំនន់ក៏ពិតមែន តែបងប្អូនប្រជាលរដ្ឋ បានបង្ហាញក្ដីរីករាយ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រកម្ពុជា ដែលបានអញ្ជើញមកជួបសំណេះសំណាល និងផ្តល់ស្រូវពូជដោយផ្ទាល់ នាពេលនេះ ៕ ដោយ វណ្ណលុក