វិបត្តិថាមពលអាល្លឺម៉ង់​៖ កម្តៅបាតុកម្មត​វ៉ា​​​ពលរដ្ឋ​ផ្ទុះឡើងទាមទារឱ្យរដ្ឋ​បញ្ចេញកញ្ចប់​មូលនិធិបន្ថែម

អាល្លឺម៉ង់៖នៅប្រទេសអាល្លឺម៉ង់​ ប្រជាជននៅតាមទីក្រុង​សំខាន់ៗទូទាំងប្រទេស បានប្រមូលផ្តុំគ្នា​ចុះផ្លូវធ្វើបាតុកម្មតវ៉ា​ ទាមទារ​ឱ្យរដ្ឋាភិបាល​បញ្ចេញ​មូលនិធិបន្ថែមទៀត​ ដើម្បី​ដោះស្រាយវិបត្តិថាមពលបច្ចុប្បន្ន។ វិបត្តិថាមពលនេះ បានបង្កឱ្យតម្លៃទំនិញនៅអាល្លឺម៉ង់ឡើងថ្លៃ ជួបបញ្ហា​អតិផរណាដែលកំពុងតែរួមរឹតសេដ្ឋកិច្ចរស់នៅរបស់ប្រជាជន​​ ពិសេស​ប្រជាជនក្រីក្រ​មានប្រាក់ចំណូលទាប​។

សហជីព និង​ក្រុម​បរិស្ថានជាច្រើន បានប្រកាសអំពាវនាវ​ឱ្យប្រជាជន​អាល្លឺម៉ង់រួមគ្នា​​ចេញតវ៉ាក្នុងថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២២ ក្នុងការទាមទាររដ្ឋាភិបាល​ដោះស្រាយវិបត្តិថាមពល ទប់ស្កាត់ការកើនឡើងអតិផរណាជាតិ​​។ ក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់​ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងចំនួនប្រាំមួយរបស់អាល្លឺម៉ង់ ដែលមាននៅទីក្រុង Berlin, Duesseldorf, Hannover, Stuttgart, Dresden និង Frankfurt-am-Main។

តាមបណ្តាញយុទ្ធនាការ​ Greenpeace ដែលជាស្ថាប័នរៀបចំ​មួយក្នុងចំណោមស្ថាប័នជាច្រើនទៀតអះអាងថា មានអ្នកចូលរួមធ្វើបាតុកម្មសរុបប្រមាណចំនួន ​២៤,០០០នាក់ ដែលរួមបញ្ចូល​នៅទីក្រុង Berlin ប្រមាណ ៦,០០០នាក់​​។ តែពីខាងភាគីរដ្ឋាភិបាលវិញថាមានពលរដ្ឋចូលរួមតិចជាងការអះអាងខាងលើនេះឆ្ងាយណាស់ ជាក់ស្តែងនៅ​ Berlin មានត្រឹមតែ​ប្រមាណ ១,៨០០នាក់​ប៉ុណ្ណោះ។ រដ្ឋាភិបាលបញ្ជាក់ថា បាតុកម្មនេះ​ដំណើរការទៅដោយសន្តិភាព គ្មានការប៉ះទង្គិចជាមួយអាជ្ញាធរឡើយ។

​ក្រុមអ្នកតវ៉ាបាន​ដើរដង្ហែ លើ​បដា​តវ៉ា៖ «រួមគ្នាឆ្លងកាត់វិបត្តិ ដើម្បីធានាដល់​សន្តិសុខសង្គម និងឈានបញ្ចប់ការពឹងផ្អែកទៅលើឥន្ធនៈហ្វូស៊ីល»។ ក្នុងន័យនេះ ពួកគេចង់​ឱ្យរដ្ឋាភិបាលធ្វើយ៉ាងណា​លុបចោល​ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ និង​បញ្ចេញកញ្ចប់​មូលនិធិរដ្ឋាភិបាល​បន្ថែមទៀត មក​ទប់ស្កាត់​ការកើនឡើងតម្លៃថាមពល ពិសេស​​សម្រាប់ពលរដ្ឋខ្វះខាត​។

លោក Andrea Kocsis អនុប្រធានសហជីពការងារ ver.di គូសបញ្ជាក់ថា បាតុកម្មតវ៉ានេះ​គឺមានចេទនាបង្ហាញ​ទៅរដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រជាជនអាល្លឺម៉ង់ពិតជាត្រូវការ​ជំនួយផ្នែកហិរញ្ញវត្ថុ​​បន្ទាន់មែន​ដើម្បីតុល្យភាពក្នុងសង្គម។ លោកបន្តថា ប្រជាជនក្រីក្រ​ត្រូវការការជួយសង្គ្រោះជាអ្នកណាទាំងអស់នៅពេលនេះ។

ត្រង់ចំណុចនេះ លោក Olaf Bandt ប្រធានអង្គការ Friends of the Earth Germany (BUND) ចង់អោយរដ្ឋាភិបាលផ្លាស់ប្តូរ​គោលនយោបាយពន្ធដារ ដែលមាន​បញ្ចូលផែនការ​យោគយល់​លើ​ការយកពន្ធលើប្រាក់ចំណេញក្រុមហ៊ុនថាមពលដែលរងផល​ប៉ះពាល់ច្រើនដោយការកើនឡើងតម្លៃឧស្ម័ន។

រដ្ឋាភិបាលអាល្លឺម៉ង់​កំពុងអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងការកើនឡើងតម្លៃថាមពល ក្នុងកាលៈទេសៈជះ​ផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន​​។  ​សភាអាល្លឺម៉ង់កាលពីថ្ងៃទី​២១ ខែតុលា ឆ្នាំ២០២២ ទើប​បានអនុម័តកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ក្នុងទំហំទឹកប្រាក់​ ២០០ពាន់អឺរ៉ូ ក្នុងការ​កំណត់តម្លៃប្រេង ចាប់ពីខែមីនា សម្តៅជួយ​ការងារក្រុមហ៊ុនខ្នាតតូចនិងមធ្យម​ និងគ្រួសារ​ដែលរងផលប៉ះពាល់​។

គួរដឹងថា នៅ​រដូវរងា​ខាងមុខនេះ តម្លៃ​ថាមពល​នៅ​អាល្លឺម៉ង់ត្រូវបាន​គេ​ព្យាករ​ថានឹងមាន​តម្លៃ​ខ្ពស់​ជាង​ពេលណាៗ​ទាំងអស់។ តែ​ទោះ​យ៉ាងណា មេដឹកនាំ​អាល្លឺម៉ង់ បង្ហាញ​សុទិដ្ឋិ​និយម​ទៅ​លើ​ប្រសិទ្ធភាព​ផែនការ​អតិផរណា​របស់ខ្លួន ថាអាចជួយ​ឱ្យ​ប្រទេស​របស់លោក​ឆ្លងកាត់​វិបត្តិ​ដុនដាប​នេះ​បាន។

ប្រ​ទេស​អាល្លឺម៉ង់ កំពុងប្រឈមបញ្ហា​អតិផរណាខ្លាំង ​ ដោយសារ​គ្មាន​ការផ្គត់ផ្គង់​ឧស្ម័ន​ហ្គាស​ពី​រុស្ស៊ី ដែល​កំពុង​រង​ទណ្ឌកម្ម​ពី​ការ​វាយ​បំពាន​លើ​អ៊ុយក្រែន តាំងតែ​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២មក។ ក្នុង​ខែសីហា អតិផរណា​អាល្លឺម៉ង់ បាន​កើនឡើង៧,៩ភាគរយ ហើយ​បើតាម​ការព្យាករវិបត្តិ​អតិ​ផរណា អាច​នឹង​កើន​ឡើងដល់ ១០ភាគរយ នៅ​ចុង​ឆ្នាំ២០២២ ដែល​នេះ​គឺជា​កម្រិត​ខ្ពស់បំផុត ចាប់តាំងពី​មាន​វិបត្តិ​ប្រេង​លើកដំបូង ក្នុង​រដូវរងា កាលពី​ឆ្នាំ​១៩៧៣ និង​ឆ្នាំ​១៩៧៤មក​៕ ដោយ៖ បណ្តូល​ ពេជ្រ​

ads banner