អាជ្ញាធរបន្តបណ្តេញជនបរទេសជាង២០០នាក់ចេញពីកម្ពុជា ក្នុងករណីឆ្លងដែនខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរកម្ពុជាបានបន្តបណ្តេញជនបរទេសជាង២០០នាក់ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃសៅរ៍ ទី២២តុលា។

បើតាមសេចក្តីប្រកាសព័ត៌មានមានជនបរទេសចំនួន២៦៣នាក់ ត្រូវបានអាជ្ញាធរបណ្តេញចេញ។ ក្នុងនោះមានជនជាតិបង់ក្លាដេស២នាក់ ជនជាតិថៃ១៦នាក់ ជនជាតិចិន៧៤នាក់ (តៃវ៉ាន់០៩នាក់) និងជនជាតិវៀតណាមចំនួន១៧១នាក់។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនចេញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រពាំងផ្លុង។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ជនបរទេសទាំង២៦៣នាក់នោះ ត្រូវបានឃាត់ខ្លួនពីបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់អន្តោប្រវេសន៍កម្ពុជា។ តាមអាជ្ញាធរ ជនបរទេសទាំងនោះ នឹងត្រូវហាមឃាត់មិនឱ្យចូលកម្ពុជា ចំនួនបីឆ្នាំ។

គួរកត់សម្គាល់ថា ក្នុងរយៈពេល១០ខែមកនេះ អាជ្ញាធរកម្ពុជាបានចុះត្រួតពិនិត្យជនបរទេស នៅទីតាំងចំនួន៣ពាន់ទីតាំងនៅទូទាំងប្រទេស។ ប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេសរបស់សមត្ថកិច្ចកម្ពុជានៅទូទាំងប្រទេស ទៅលើជនបរទេសចំនួនជាង ៣ម៉ឺន៨ពាន់នាក់ (៣០.៨៣៤នាក់)  បានរកឃើញជនបរទេសចំនួន ២.៤១៦នាក់ ដែលមកធ្វើការងារខុសច្បាប់ គ្មានបណ្ណការងារនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី២២តុលា។ ជនបរទេសទាំងជាង ២០០០នាក់នោះ បានទទួលការផាកពិន័យជាទឹកប្រាក់សរុបចំនួនជាង ២ពាន់លានរៀល។

យុទ្ធនាការបង្រ្កាបជនអន្តោប្រវេសន៍ខុសច្បាប់ពេលនេះ ធ្វើឡើងក្រោយមានបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយដែលក្រសួងការបរទេសអាមេរិកបានដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃបណ្តាប្រទេសដែលរដ្ឋាភិបាលមិនមានឆន្ទៈក្នុងការបង្រ្កាបបទល្មើសជួញដូរមនុស្ស។ ការណ៍នេះនាំឱ្យរដ្ឋាភិបាលកម្ពុជា បារម្ភថានឹងប៉ះពាល់ដល់កត្តិយសប្រទេសជាតិ និងធ្វើឱ្យវិនិយោគិនបរទេសមានភាពភ័យរអា ក្នុងការមកវិនិយោគនៅកម្ពុជា៕ ដោយ៖ សេក ប្រាក់

ads banner