សណ្ឋាគារ Kismayu នៅសូម៉ាលី រងការវាយប្រហារដោយការបំផ្ទុះរថយន្ត
សូម៉ាលី៖ រថយន្តមួយគ្រឿងបានបើកចូលទៅកាន់សណ្ឋាគារមួយកន្លែងក្នុងទីក្រុង Kismayu ជាទីក្រុងកំពង់ផែរបស់ប្រទេសសូម៉ាលី និងបានបំផ្ទុះនៅត្រង់កន្លែងខ្លោងទ្វារនៃសណ្ឋាគារនោះនៅថ្ងៃអាទិត្យទី២៣ ខែតុលាឆ្នាំ២០២២។ បន្ថែមពីលើការបំផ្ទុះរថយន្តនេះ សេចក្ដីរាយការណ៍បឋមឱ្យដឹងថា គេបានឮសំឡេងកាំភ្លើងតាមពីក្រោយផងដែរ។
ស្ថានីយទូរទស្សន៍ជាតិសូម៉ាលីសរសេរនៅលើបណ្ដាញសង្គមទធ្វីតធ័ររបស់ខ្លួនដោយយោងប្រភពកងកម្លាំងសន្តិសុខសូម៉ាលីថា ការបំផ្ទុះនៅសណ្ឋាគារនេះថាជាការវាយប្រហារភេរវកម្ម។ ជាអំពើភេរវកម្មដែលក្រុមអាល់កៃដាដែលមានទំនាក់ទំនងជាមួយក្រុម Shabaab បានចេញមុខទទួលខុសត្រូវ។ មកទល់ពេលនេះ គេនៅមិនទាន់មានព័ត៌មានលម្អិតអំពីចំនួនអ្នកស្លាប់ឬរងរបួសដោយសារហេតុការណ៍នេះនៅឡើយទេ។
Abdiasis Abu Musab អ្នកនាំពាក្យប្រតិបត្តិការយោធារបស់ក្រុម al Shabaab បានទទួលស្គាល់ថា ខ្លួនពិតជាអ្នកនៅពីក្រោយការវាយប្រហារនេះមែនហើយថា ការបំផ្ទុះរថយន្តនេះ ធ្វើឡើងដើម្បីវាយប្រហារអ្នកគ្រប់គ្រងតំបន់ Jubbaland ដែលធ្វើការនៅក្នុងសណ្ឋាគារនោះ។
សូមជម្រាបជូនថា ទីក្រុង Kismayu គឺជារដ្ឋធានីពាណិជ្ជកម្មនៃរដ្ឋ Jubbaland ភាគខាងត្បូងប្រទេសសូម៉ាលី ដែលគ្រប់គ្រងមួយផ្នែកដោយក្រុម al Shabaab។ ក្រុម al Shabaab ត្រូវបានបណ្ដេញចេញពីទីក្រុង Kismayu នៅក្នុងឆ្នាំ២០១២។ កំពង់ផែនៃទីក្រុងនេះ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ក្រុម al Shabaab តាមរយៈចំណូលពន្ធ ការនាំចេញធ្យូងថ្ម ពន្ធលើអាវុធ និងការនាំចូលខុសច្បាប់ផ្សេងៗទៀត។
ការវាយប្រហារនៅទីក្រុង Kismayu ពីសំណាក់ក្រុម al Shabaab ត្រូវបានគេចាត់ទុកថាជាការសងសឹងចំពោះការបណ្ដេញក្រុមនេះចេញពីទីក្រុង Kismayu។ កាលពីឆ្នាំ២០១៩ ការវាយប្រហារស្រដៀងគ្នានេះបានកើតមានឡើងនៅក្នុងសណ្ឋាគារមួយកន្លែងនៃទីក្រុង Kismayu និងបានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់។
សូមជម្រាបថា ក្រុម al Shabaab កំពុងតែព្យាយាមប្រយុទ្ធដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់សូម៉ាលី ដើម្បីឈានទៅគ្រប់គ្រងសូម៉ាលីក្រោមច្បាប់ Sharia ដ៏តឹងរ៉ឹងរបស់សាសនាអ៊ីស្លាម។ ប្រតិបត្តិការរបស់ក្រុម al Shabaab បានសម្លាប់ប្រជាជនស្លូតត្រង់អស់រាប់ពាន់នាក់ នៅភាគខាងកើតនៃទ្វីបអាហ្វ្រិក នារយៈពេលជាងមួយទសវត្សកន្លងមកនេះ។
ដោយឡែក កងកមម្លាំងសន្តិសុខសូម៉ាលីបានគូសបញ្ជាក់ថា ពួកគេបានយកជ័យជំនះលើសមរភូមិប្រឆាំងនឹងក្រុមឧទ្ទាម al Shabaab នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយមានជំនួយពីក្រុមស្វ័យការពារក្នុងតំបន់៕
ដោយ៖កែវ កិរិយា