ឥណ្ឌូនេស៊ី៖ ចំនួនកុមារស្លាប់ដោយសារការរលាកក្រលៀនស្រួចស្រាល់កើនឡើងដល់១៣៣នាក់
ហ្សាកាតា៖នៅឥណ្ឌូនេស៊ី ចំនួនកុមារស្លាប់ដោយសារតែជំងឺរលាកក្រលៀនស្រួចស្រាល់ ហៅកាត់ថា AKI កើនឡើងពីចំនួន ៩៩នាក់ ដល់ ១៣៣នាក់។ នេះបើតាមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ដែលបានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសប្ដាហ៍នេះ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ី ការកើនឡើងនៃករណីស្លាប់របស់កុមារបណ្ដាលមកពីជំងឺរលាកក្រលៀនស្រួចស្រាល់ កើតមានតាំងពីខែមករា ដើមឆ្នាំនេះ។
ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបញ្ជាក់ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើករណីនេះ ដោយដាក់ការសង្ស័យទៅលើសារធាតុបង្កគ្រោះថ្នាក់នៅក្នុងថ្នាំស៊ីរ៉ូសម្រាប់កុមារ។ នៅក្នុងការស៊ើបអង្កេតនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានហាមឃាត់ការចេញវេជ្ជបញ្ជា និងការលក់ថ្នាំស៊ីរ៉ូ និងថ្នាំរាវទាំងអស់ សរុបចំនួន១២ប្រភេទ។ ថ្នាំស៊ីរ៉ូទាំងអស់នោះ ត្រូវគេរកឃើញថា មានផ្ទុកនូវសារធាតុ Ethylene Glycol និង Diethylene Glycol ដែលធ្លាប់មានប្រវត្តិធ្វើឱ្យកុមារស្លាប់នៅប្រទេសហ្គាំប៊ីផងដែរ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ អំពីការរកឃើញករណីកុមារមានជំងឺរលាកក្រលៀនស្រួចស្រាល់ចំនួន ២៤១ករណី នៅក្នុងខេត្តចំនួន ២២ ក្នុងនោះមានកុមារស្លាប់ចំនួន ១៣៣នាក់។
ដោយឡែក ទីភ្នាក់ងារចំណីអាហារនិងឱសថរបស់ឥណ្ឌូនេស៊ី បានដាក់កំណត់ឈ្មោះផលិតផលផលិតក្នុងស្រុកចំនួន ៥ ដែលមានកម្រិត Ethylene Glycol ច្រើនពេក ហើយបានបញ្ជាឱ្យអ្នកផលិតប្រមូលពីទីផ្សារត្រឡប់មកវិញ និងបំផ្លាញចោលនូវផលិតផលដែលនៅសល់ទាំងអស់។
លោករដ្ឋមន្ត្រី Budi Gunadi Sadikin បានសង្កត់ធ្ងន់ថា អាជ្ញាធរសុខាភិបាលក៏បានរកឃើញដាននៃសារធាតុស្រដៀងគ្នានៅក្នុងថ្នាំស៊ីរ៉ូចំនួន ១០២ប្រភេទ នៅក្នុងផ្ទះរបស់កុមារដែលរងផលប៉ះពាល់។ ក្រសួងសុខាភិបាល បានប្រកាសដាក់ចេញនូវការហាមប្រាមកាលពីថ្ងៃពុធ លើគ្រប់វេជ្ជបញ្ជានិងការលក់ទឹកស៊ីរ៉ូ ព្រមទាំងថ្នាំរាវទាំង ១២០ប្រភេទនោះ។
បើតាមលោករដ្ឋមន្ដ្រី សុខភាពអ្នកជំងឺ AKI មួយចំនួនបានប្រសើរឡើង បន្ទាប់ពីអាជ្ញាធរសុខាភិបាលបានធ្វើតេស្តថ្នាំប្រឆាំងមេរោគដែលនាំចូលពីប្រទេសសិង្ហបុរី ហើយថ្នាំនេះនឹងត្រូវរៀបចំសម្រាប់ចែកចាយទូទាំងប្រទេសឥណ្ឌូនេស៊ី។
មុនពេលមានការកើនឡើងនៃការស្លាប់របស់កុមារនាពេលថ្មីៗនេះ ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី ជាធម្មតាមានការរកឃើញករណីជំងឺរលាកក្រលៀនស្រួចស្រាល់ AKI ពី ២ ទៅ ៥ ករណីក្នុងមួយខែ។
ការកើនឡើងនៃការស្លាប់របស់កុមារ AKI នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់ប្រទេស Gambia កំពុងស៊ើបអង្កេតការស្លាប់របស់កុមារចំនួន ៧០នាក់ ពី AKI ដែលទាក់ទងនឹងស៊ីរ៉ូប៉ារ៉ាសេតាម៉ុលដែលប្រើដើម្បីព្យាបាលគ្រុនក្តៅ និងត្រូវគេរកឃើញថាមានផ្ទុកលើសកម្រិតនៃសារធាត Diethylene Glycol និង Ethylene Glycol ផលិតដោយក្រុមហ៊ុនឱសថឥណ្ឌាចំនួន៤។ ថ្នាំផលិតដោយក្រុមហ៊ុនឱសថឥណ្ឌាទាំង៤នេះ ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសឱ្យដឹងនៅខែតុលានេះថា មានផ្ទុកនូវសារធាតុ Diethylene Glycol និង Ethylene Glycol ក្នុងបរិមាណដែលមិនអាចទទួលយកបាន បណ្ដាលឱ្យមានករណីកុមារស្លាប់នៅក្នុងប្រទេសហ្គាំប៊ីដោយសារជំងឺរលាកក្រលៀនស្រួចស្រាល់៕ ដោយ៖កែវ កិរិយា