ខ្យល់ព្យុះសង្ឃរា Roslyn បោកបក់លើប្រទេសម៉ិកស៊ិក បង្កការគំរាមកំហែងដល់អាយុជីវិតមនុស្ស
ម៉ិកស៊ិក៖ខ្យល់ព្យុះសង្ឃរា Roslyn បានចាប់ផ្ដើមបោកបក់នៅប្រទេសម៉ិកស៊ិក ភាគខាងលិច ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ ដោយបាននាំទៅជាមួយនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលកំពុងបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្ស។ ខ្យល់ព្យុះនេះ បានធ្វើដំណើរទៅដល់រដ្ឋ Nayarit ភាគខាងជើងប្រទេសម៉ិកស៊ិក នៅវេលាម៉ោងប្រហែល ៧:២០ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋម៉ៃអាមី បានឱ្យដឹងថា ខ្យល់ព្យុះ Roslyn នេះ បោកបក់ក្នុងល្បឿនអតិបរមាប្រមាណ ១២០ម៉ាយក្នុងមួយម៉ោង។ បើតាមប្រភពព្យាករណ៍ដដែល Roslyn នឹងបង្កើនកម្លាំងរបស់ខ្លួន ក្លាយទៅជាព្យុះសង្ឃរាដែលអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស តាមរយៈរលកបោកបក់ខ្លាំងនៅតំបន់ឆ្នេរ ការជន់លិចដោយជំនន់ទឹកភ្លៀង និងខ្យល់ដែលមានកម្លាំងបោកបក់ខ្លាំង។
សូមបញ្ជាក់ថា ខ្យល់ព្យុះ Roslyn បានកកើតឡើងនៅឆ្នេរសមុទ្រភាគខាងលិចប្រទេសម៉ិកស៊ិក ហើយបន្តិចម្ដងៗ វាបានបង្កើនកម្លាំងនិងឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ តាំងពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យនេះ។ ខ្យល់ព្យុះនេះ មានភាពស្រដៀងគ្នាទៅនឹងព្យុះសង្ឃរា Orlene ដែលបានបោកបក់កាលពីថ្ងៃទី០៣ ខែតុលា និងបានបង្កគ្រោះមហន្តរាយជាជំនន់ទឹកភ្លៀងយ៉ាងគំហុក នៅតំបន់ព្រំដែនរវាងរដ្ឋ Nayarit និងរដ្ឋ Sinaloa នៃប្រទេសម៉ិកស៊ិក៕ ដោយ៖កែវ កិរិយា