អភិបាលខេត្តបាត់ដំបង៖ បទល្មើសធនធានធម្មជាតិ និងបញ្ហាទំនាស់ដីធ្លីមានការថយចុះជាបន្តបន្ទាប់
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងនៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានជម្រាបរាយការណ៍ជូនប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថា ការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមាន ការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ មានការថយចុះជាបន្តបន្ទាប់។ ចំពោះបញ្ហាទំនាស់ដីធ្លី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក៏រដ្ឋបាលខេត្តបានខិតខំទប់ស្កាត់មិនឱ្យមានការកើតឡើងថ្មី និងបានខិតខំបន្តដោះស្រាយទំនាស់នានាដែលនៅសេសសល់ជាបន្តទៀត។
ការលើកឡើងរបស់លោកអភិបាលខេត្ដដូច្នេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល រវាងប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាងពីរពាន់នាក់ នៅក្នុងខេត្តបាត់ដំបង។
ក្រៅពីការបង្ក្រាបបទល្មើសនានាឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបាត់ដំបង បានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។
ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបាត់ដំបង ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត និងទាក់ទាញការវិនិយោគថ្មីៗជាបន្តបន្ទាប់។ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា តាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យកម្ពុជាមានឱកាសបើកដំណើរប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។ ទន្ទឹមគ្នានេះសម្តេចតេជោបានផ្ដាំផ្ញើទៅដល់មន្ត្រីរាជការទាំងអស់អំពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗចូលរួមផងដែរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងរម្លឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈរួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព៕
ដោយ៖កែវ កិរិយា