ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងចែកស្រូវពូជជូនពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង

បាត់ដំបង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចែកស្រូវពូជ និងសំណេះសំណាល ជាមួយប្រជាកសិករប្រមាណ ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២ ហើយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំកញ្ចប់ស្បៀងអាហារ និងថវិកាជូនដល់ប្រជាកសិករ ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ខេត្តបាត់ដំបង បានរងការជន់លិចធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីតំបន់នានា។ ទឹកជំនន់នេះ បណ្តាលឱ្យប៉ះពាល់ដល់ ១៤ក្រុង/ស្រុក (លើ ៩១ឃុំសង្កាត់ និង៥០២ភូមិ) បណ្តាលឱ្យរងផលប៉ះពាល់ដល់ប្រជាជន សរុបចំនួន ២៩,៣៨៤គ្រួសារ ក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១គ្រួសារ។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងសរុប ២៩,៣៨៤ខ្នង ខូចខាត ៣២ខ្នង ប៉ះពាល់សាលារៀន ៧៦កន្លែង មណ្ឌលសុខភាព ០៦កន្លែង វត្ត ១៩កន្លែង និងអគាររដ្ឋបាលសាធារណៈ ០៤កន្លែង។ លើសពីនេះ បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានចំនួន ៤៥,៨១២ហិកតា និងខូចខាតចំនួន ២៧,២៣៣ហិកតា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា តាមរយៈការស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែងផ្ទៃដី ដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១,៥២៨ហិកតាស្មើ១១,៥២៨គ្រួសារ និងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗ មានចំនួន ៣៣,៧៩៧ហិកតា និងខូចខាត ១៦,២១៩ហិកតា។ បន្ថែមពីនេះទៀត គ្រោះទឹកជំនន់បានបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រព័ន្ធស្រោចស្រព និងហេដ្ឋារចនាសម្ព័ន្ធជនបទ រួមមាន ផ្លូវកៅស៊ូប្រវែង ១,៧៥០ម៉ែត្រ, ផ្លូវក្រួសប្រវែង ៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូកាត់ផ្លូវ ១០៧កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង។

លោក សុខ លូ បានបន្ថែមថា ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព និងស្ទើរគ្រប់ស្ថាប័ន ពិសេសកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋតាមមូលដ្ឋានដែលរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប ក្នុងការជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពបានទាន់ពេលវេលា។ លើសពីនេះទៀត ការត្រៀមប្រចាំការ និងឃ្លាំងមើលសភាពការណ៍ ស្ថានភាពកម្ពស់ទឹកជាប្រចាំ ដោយបានចុះពិនិត្យមើលទីតាំង ដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អំណោយជាបន្តបន្ទាប់ សម្រាប់ចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ រួមទាំង គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយពីសប្បុរសជន និងអំណោយសម្ភារៈរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈគណៈកម្មការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកជូនប្រជាពលរដ្ឋសរុបកន្លងមកបានចំនួន ៦.៤៧២គ្រួសាររួចមកហើយ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងថា ទឹកបានជន់លិចស្រូវប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ២២ហិកតា ក្នុងនោះស្រូវរងការខូចខាតមានប្រមាណ ១១ម៉ឺនហិកតា។ ផ្ទៃដីដែលរងការខូចខាតនេះ អាចស្តារឡើងវិញបានប្រមាណជា ៧ម៉ឺនហិកតាប៉ុណ្ណោះ។ រាជរដ្ឋាភិបាលគ្រោងបញ្ចេញស្រូវពូជប្រមាណជា ៧ពាន់តោនជូនប្រជាកសិករបង្កបង្កើនផលឡើងវិញ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner