មូលដ្ឋានសំខាន់ចំនួន៣ បានដាក់ចេញអោយអនុវត្ត ក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”

អត្ថបទដោយ៖
Kien Sereyvuth

នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”  ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការតំណាងអង្គភាពក្រោមឱវាទក្រសួង ចូលរួមផងដែរ។
ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអោយដឹងពីគោលបំណងរបស់សិក្ខាសាលាគឺ៖ ១- ធ្វើការពិភាក្សា រិះរកគន្លឹះដោះស្រាយបញ្ហាប្រឈម។ ២-សិក្សាស្វែងយល់ឲ្យបានស៊ី ជម្រៅទាក់ទងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ៣-ពង្រឹកការគ្រប់គ្រងរោងម៉ាស៊ីន រោងសន្និទ្ធិ រោងសិប្បកម្ម និងទី៤- ផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញ ពិភាក្សា ចែករំលែង ផ្លាស់ប្តូរបទពិសោធន៍ទាក់ទងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
 ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធ្វើការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារ អភិវឌ្ឍ និងអភិរក្សធនធានព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមកបានយ៉ាងល្អប្រសើរ។ តែទោះជាយ៉ាងណា ភាពឆកល្វែង ភាពអសកម្ម ខ្វះភាពម្ចាស់ការ និងទទួលខុសត្រូវ របស់មន្រ្តីមួយចំនួនគឺជាកត្តាចំបងដែលនាំឲ្យការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតមិនទាន់មានប្រសិទ្ធភាពល្អ។ ដូច្នេះ សិក្ខាសាលាស្តីពី “ ការពង្រឹងការអនុវត្តច្បាប់ ” របស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដើម្បីលុបបំបាត់ភាពអសកម្ម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងព្រៃឈើ និងសត្វព្រៃ ដែលជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងប្រត្យ័ក្សនូវការចូលរួមចំណែកក្នុងបុព្វហេតុលើកកម្ពស់វិស័យព្រៃឈើនៅកម្ពុជា ក៏ដូចជាការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិឲ្យមានការរីកចម្រើន។
ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ កំណើនប្រជាពលរដ្ឋ និងសេចក្តីត្រូវការដីដើម្បីបង្កើនផលិតភាព ផលិតកម្មកសិឧស្សាហកម្ម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដីព្រៃឈើរបស់រដ្ឋ។ ដោយឆ្វេងយល់អំពីផលប៉ះពាល់ជាអវិជ្ជមាននេះ និងដើម្បីគ្រប់គ្រងដីរដ្ឋឲ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រើប្រាស់ដីព្រៃឈើ និងកែទម្រង់ការគ្រប់គ្រងព្រៃឈើឡើងវិញ ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការទប់ស្កាត់ បង្រ្កាប និងលុប បំបាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ បន្តធ្វើសកម្មភាពកែទម្រង់វិស័យព្រៃឈើ ដោយបានដាក់ចេញនូវបទបញ្ជាជាបន្តបន្ទាប់ និងផ្អែកលើមូលដ្ឋានសំខាន់៣គឺ៖ ១-គ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវការធ្វើ អាជីវកម្មព្រៃឈើ និងការគ្រប់គ្រងព្រៃឈើ ធានាបាននូវព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ការការពារទប់ទល់នឹងគ្រោះរាំងស្ងួត និងគ្រោះទឹក ជំនន់ ព្រមទាំងរក្សាបាននូវតំបន់ដីសើមដែលជាដែនជម្រកមច្ឆជាតិ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទជិតផុតពូជ ៣-ជំរុញ និងអភិវឌ្ឍសហគមន៍ព្រៃឈើដោយតម្លាភាព និងគ្រប់គ្រងដោយប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងបរិការណ៍នេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ លុបបំបាត់ បង្គ្រាប ស្តារ និងអភិវឌ្ឍព្រៃសហគមន៍ គម្របព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បន្តអនុវត្តវិធានការជាក់ស្តែង ៖
តាមដាន ត្រួតពិនិត្យ វាយតម្លៃប្រកបដោយតម្លាភាពលើសម្បទានដីសេដ្ឋកិច្ចអោយបានម៉ឺងម៉ាត់ កំណត់ព្រំប្រទល់ អនុវត្តតាមកិច្ចសន្យា និងផែនការមេឲ្យបានច្បាស់លាស់។
ត្រូវខិតខំបន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោងចក្រសិប្បកម្មកែច្នៃ និងអាជីវកម្មឈើឱ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាត ដើម្បីលុបបំបាត់សកម្មភាពដឹកជញ្ជូនខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner