អភិបាលខេត្តបាត់ដំបង៖ នាំយកនូវស្បៀងសង្គ្រោះបន្ទាន់ ដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន ជូនពលរដ្ឋ រងផលប៉ះពាល់និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥០០គ្រួសារ ក្នុងស្រុកឯកភ្នំ
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធមួយចំនួន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងបាននាំយកនូវអំណោយសង្រ្គោះបន្ទាន់ របស់សម្ដេចតេជោ ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំនួន១.៥០០គ្រួសារ ។
នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងដោយពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងកាសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារបងប្អូនទាំងអស់ ដែលបានរងផលប៉ះពាល់ និងរងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងកន្លងមក ។
ឯកឧត្តម បានណែនាំដល់រដ្ឋបាលស្រុក ត្រូវខិតខំបន្តស្វែងរកបងប្អូនប្រជាពលរដ្ឋណា៎ដែលមានប្រភពទឹកគ្រប់គ្រាន់ដាំដុះស្រូវឡើងវិញបាន ដើម្បីធ្វើការផ្ដល់ជូនជា”ពូជស្រូវ”ឬ”ពូជដំណាំ” ជូនដល់ពួកគាត់ក្នុងការស្ដារលទ្ធភាពជីវភាពរស់នៅប្រចាំថ្ងៃពួកគាត់ឱ្យបានទាន់ពេលវេលា…។
ក្នុងឱកាសនេះផងដែរឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងគូសបញ្ជាក់ថា៖ការផ្ដល់អំណោយសង្រ្គោះបន្ទាន់នៅថ្ងៃនេះទៀតសោត ក៏មិនបានចែកបានគ្រប់គ្នានោះទេ?។ ជាបឋមគឺធ្វើការផ្ដល់ជូនអំណោយទាំងនេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំងជាងគេ ដូចនេះសូមបងប្អូនមានការយោគយល់.. ។
បើតាមការគូសបញ្ជាក់ពីមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី២០ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកស្បៀងសង្គ្រោះបន្ទាន់ចែកដល់ក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ និងរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកន្លងមកនេះ តាមបណ្តាស្រុកនានាក្នុងខេត្ត មានចំនួនប្រមាណជិត ៧ ០០០គ្រួសាររួចមកហើយ ដែលទទួលបានអំណោយពីសម្តេចតេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារគ្រោះមហន្តរាយខេត្តជាបន្តបន្ទាប់ផងដែរ៕អ៊ុក សំអាន


