មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖បច្ចុប្បន្នអ្នកដែលបរិភោគសាច់សត្វព្រៃត្រូវបានពលរដ្ឋមិនគាំទ្រ និងថ្កោលទោស
ខេត្តមណ្ឌលគិរី៖ ”ជនមួយចំនួនដែលយកសាច់សត្វព្រៃមកធ្វើម្ហូបហើយបង្ហោះបង្អួតក្នុងបណ្តាញទំនាក់ទំងនងសង្គមគឺត្រូវបានគេជេរត្រិះដៀលថាមិនបានយល់ពីសារៈប្រយោជន៍នៃការរក្សាបាននូវសត្វព្រៃ ហើយក្នុងរយៈពេល ២ខែចុងក្រោយនេះអ្នកដែលយកសាច់សត្វព្រៃមកធ្វើម្ហូបគេឃើញថាមានការថ្កោលទោសជារួមពីបងប្អូនប្រជាពលរដ្ឋ”។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
គួរបញ្ជាក់ថាក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអង្គការ WWF ប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានរួមគ្នាបើកយុទ្ធនាការបញ្ឈប់ការជួញដូរនិងបញ្ឈប់ការហូបសាច់សត្វព្រៃ នៅទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ស្តីពីយុទ្ធនាការអន្ទាក់សូន្យ៖បញ្ឈប់ការជួញដូរសត្វព្រៃ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថា៖តាមរយៈការមិនទទួលស្គាល់និងថ្កោលទោសពីសំណាក់ពលរដ្ឋទូទៅនេះដែរបានបង្ហាញថា បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់បានយល់ដឹងអំពីសារៈប្រយោជន៍នៃការថែរក្សាសត្វព្រៃ បានយល់ដឹងយ៉ាងសំខាន់ថាសត្វព្រៃ គ្រប់ប្រភេទ ដែលជាផ្នែកនៃជីវៈចម្រុះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើតុល្យភាពបរិស្ថាន និងបានកំពុងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច មកដល់ប្រទេសរបស់យើងដែលសម្បូរទៅដោយធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ដោយបញ្ជាក់ដែរថា “តាមរយៈសកម្មភាពទាំងនេះគឺបានបង្ហាញពីពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរ ឥរិយាបទហើយ ពួកគាត់បានងាកមកស្រឡាញ់សត្វព្រៃ បានចូលរួមនិងអភិរក្សសត្វព្រៃ។ដូច្នេះជនមួយចំនួនដែលបន្ត ហូបសាច់សត្វព្រៃ ការបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ វាបានក្លាយជាជនភាគតិចបំផុត ដែលនៅតែបន្តប្រព្រឹត្តិអំពើខុសច្បាប់នេះ ហើយក៏ជាទង្វើមួយដែលប្រជាពលរដ្ឋគ្រប់រូប ទូទៅមិនគាំទ្រសោះឡើយ”។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានអំពាវនាវឱ្យពលរដ្ឋដែលនៅតែបន្តរាល់សកម្មភាពបទល្មើសសត្វព្រៃទាំងអស់នេះត្រូវតែបញ្ឈប់បន្ទាន់ ហើយងាកមកចូលរួម ជាមួយប្រជាពលរដ្ឋច្រើនលើសលប់មកស្រឡាញ់ធនធានធម្មជាតិ និងត្រឡប់មកចូលរួមការពារ និងថែរក្សាសត្វព្រៃ ដើម្បីឱ្យសម្បូររីកចម្រើនទៅតាមអ្វីដែលកម្ពុជា យើងត្រូវបានគេប្រសិទ្ធនាមថា ជាប្រទេសដែលមានជីវៈចម្រុះសម្បូរបែបនោះ។កម្ពុជាយើងសម្បូរសត្វច្រើន ពិសេសសត្វមួយចំនួនដែលកម្រៗក្នុងពិភពលោកគឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។វាមិនទាន់ហួសពេលទេសម្រាប់កម្ពុជារបស់យើង នៅក្នុងការពង្រឹង បង្កើតកិច្ចខិតខំប្រឹងប្រែងថែមទៀតនៅក្នុងការការពារ និងអភរក្សធនធានធម្មជាតិរបស់យើង។
គួរបញ្ជាក់ថា៖យុទ្ធនាការជួញដូរសត្វព្រៃគឺជាផ្នែកមួយយុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាននិងដៃគូបានអនុវត្តដោយជោគជ័យចំនួន៦ខេត្តនាកន្លងមក។
គួររំលឹកផងដែរថា ក្រសួងបរិស្ថាន និងដៃគូទាំងអស់ក៏កំពុងសហការគ្នាដើម្បីស្វែងរកវិធីសាស្ត្រក្នុងការផ្តល់នូវជម្រើសនៃរបរចិញ្ចឹមជិវិតបន្ថែមរាប់បញ្ចូលទាំងរបរក្នុងវិស័យកសិកម្ម កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិ ជូនដល់សហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ ហើយតែងប្រកបរបរប្រពៃណី ដូចជាការប្រមូលអនុផលព្រៃឈើ ការបរបាញ់បែបប្រពៃណីសម្រាប់យកសាច់និងលក់ដូរមួយចំនួនផងដែរនោះ។ កិច្ចសហការនេះក៏ផ្តោតលើគោលបំណងកែប្រែឥរិយាបទ និងការនិយមបរិភោគសត្វព្រៃរបស់ប្រជាជនផងដែរ ដើម្បីការពារសុខភាពសាធារណៈពីហានិភ័យនៃប្រភេទជំងឺឆ្លងផ្សេងៗ ជាយថាហេតុនៅថ្ងៃអនាគត៕ដោយ៖ម៉ាដេប៉ូ


