គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចាត់វិធានការលើជនក្បត់ជាតិ សម រង្ស៊ី ប្រមាថព្រះមហាក្សត្រ

ភ្នំពេញ៖ ក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរថា “ ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្ដិចក៏អត់ដែរ ” និងបានចោទទៀតថា “…ស្ដេចសព្វថ្ងៃក្បត់ជាតិ …”។ល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែនម្តងហើយម្តងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់បំផុតចំពោះឧក្រិដ្ឋជនរូបនេះ ទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករេ និងប្តេជ្ញា បន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គព្រះ មហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត។ គណបក្សប្រជាជនកម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការកម្ចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឱ្យអស់ពីកម្ពុជា៕
ដោយ៖ពលជ័យ

ads banner