ជនសង្ស័យ ០៣នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ បានប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន ០៤គ្រឿង ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០៣នាក់ នៅចំណុចមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង ) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី នាពេលកន្លងទៅ ។

ជនសង្ស័យចំនួន ០៣នាក់ដែលកម្លាំងជំនាញបញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី រួមមាន ៖
ទី១-ឈ្មោះ ជីង ឆាំងឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហ៊ន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យកំបូល ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៧ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ និងទី៣-ឈ្មោះ ទី សត្រារដ្ឋា ហៅ ទូ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យសន្ធរម៉ុក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យករួមមាន ៖
-ដាវកែច្នៃចំនួន ០១ ដើម
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ភ្នំពេញ ១JH៤៦៦៥ ចំនួន ០១ គ្រឿង ។ ដោយឡែកជនរងគ្រោះ មានឈ្មោះ ហ៊ាង ពឹងក្វាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានស្លាកស្នាមរបួសត្រូវលើខ្នង ។ ក្នុងនោះក៏មានសម្ភារៈខូចខាត
-ម៉ូតូចំនួន ០៤ គ្រឿង (ហុងដាសេ១២៥ ចំនួន ០៣ គ្រឿង ,ហុងដាស្កុបពីចំនួន ០១ គ្រឿង) ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង០៣ និង៥០ នាទី មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ និងកាំបិតប៉័ងតោកាប់លើជនរងគ្រោះបណ្តាលឲ្យរងរបួសស្រាល និងកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះជួល ផ្លូវលេខ១៩៧០ កែង១០១៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ១០ នាក់ ជិះម៉ូតូចំនួន ០៥ គ្រឿង ប្រដាប់ដោយកាំបិតតាំងតោ និងដាវកែច្នៃជាច្រើនដើម បាននាំគ្នា ជិះម៉ូតូចេញពីកន្លែងអង្គុយលេងនៅម្តុំក្លឹបកំសាន្តមិនស្គាល់ឈ្មោះ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលបំណងទៅរកមើលគូទំនាស់ដែលបានទាស់ពាក្យសម្តីគ្នាកន្លងមក ។ ពេលជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះនិងមិត្តភក្តិកំពុងអង្គុយនៅខាងមុខផ្ទះ ឃើញដូច្នេះជនសង្ស័យនាំគ្នាឈប់ម៉ូតូ ហើយឈ្មោះ ហ្សា កាន់ដាវកែច្នៃចំនួន ០១ ដើម ,ឈ្មោះ ជីង ឆាំងឡុង កាន់កាំបិតប៉័ងតោចំនួន០១ ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២នាក់ទៀតកាន់ដាវកែច្នៃចំនួន ០២ដើម ចុះពីលើម៉ូតូរត់ចូលទៅធ្វើ់សកម្មភាពដេញកាប់លើជនរងគ្រោះបណ្តាលឲ្យត្រូវខ្នងមួយដាវរងរបួសស្រាល រួចហើយជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះបាត់ បន្ទាប់មកឈ្មោះ ហ្សា , ឈ្មោះ ជីង ឆាំងឡុង ,និងបក្ខពួកមិនស្គាល់ឈ្មោះ ចំនួន ០២នាក់ទៀត បន្តនាំគ្នាកាប់ទៅលើម៉ូតូរបស់ជនរងគ្រោះដែលចតទុកនៅមុខផ្ទះបណ្តាលឲ្យខូចខាតចំនួន ០៤គ្រឿង រួចហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។

បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យបានចុះទៅដល់កន្លែងកើតហេតុ រកឃើញដាវកែច្នៃចំនួន ០១ ដើមដែលជនសង្ស័យរត់ចោលបន្សល់ទុកនៅកន្លែងកើតហេតុ រហូតកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក ១០នាក់ ។

បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner