តើ Rishi Sunak អ្នកនយោបាយដើមកំណើតឥណ្ឌា អាចជាអនាគតនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយលោក ចន សុន ប្រកាសមិនឈរឈ្មោះ?
អង់គ្លេស៖ នៅប្រទេសអង់គ្លេសដំណើរការជ្រើសជ្រើសនាយករដ្ឋមន្ត្រីថ្មីកំពុងដំណើរការទៅយ៉ាងប្រថុចញ៉ុច ក្រោយលោកស្រី លីស ត្រាស្ស បានលាចុះចេញពីមុខតំណែងកាលពីសប្តាហ៍មុន។ លោក បូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានរំពឹងមកចូលរួមប្រកួតប្រជែងដែរនោះ បានសម្រេចចិត្តមិនឈរឈ្មោះវិញ។
នៅក្នុងកាលៈទេសៈ អង់គ្លេសកំពុងជួបវិបត្តិសេដ្ឋកិច្ចនិងសង្គមខ្លាំងបំផុតនៅពេលនេះ គណបក្សអភិរក្សនិយម ដែលធ្លាប់ជាអ្នកដឹកនាំបក្សនិងជាអតីតនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ត្រូវតែរកមនុស្សថ្មីមកជំនួសជាបន្ទាន់ ដើម្បីកុំឱ្យកិច្ចការដឹកនាំប្រទេសត្រូវជាប់គាំង។ ដោយករណីនាយករដ្ឋមន្ត្រីលាចុះចេញពីតំណែងមុនចប់អាណត្តិ ដូច្នេះការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីអង់គ្លេសជំនួស គឺធ្វើឡើងជាលក្ខណៈផ្ទៃក្នុងបក្សអភិរក្សនិយមដែលជាបក្សកាន់អំណាច។
បេក្ខជនដែលគេដឹងថា អាចមកប្រជែងដណ្ដើមមុខតំណែងនាយករដ្ឋមន្ត្រីថ្មីនេះមានបីនាក់គឺ លោកបូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីអង់គ្លេសមុនជំនាន់លោកស្រីលោកស្រី លីហ្ហ ត្រាស្ស, លោក រីឈី ស៊ូណាក់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកស្រី ផេននី ម័រដូនត៍ អតីតរដ្ឋមន្ត្រីទំនាក់ទំនងសភា។
តែយ៉ាងណាលោក ចនសុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានប្រកាសមិនឈរឈ្មោះប្រកួតប្រជែងឡើយ បើទោះបីជាលោកទទួលបានការគាំទ្រពីសភាគ្រប់គ្រាន់ ដើម្បីឈានដល់ការប្រជែងគ្នាចុងក្រោយ ជាមួយលោក រីឈី ស៊ូណាក់ ក៏ដោយចុះ។ លោកពន្យល់ហេតុផលសម្រេចចិត្តនេះថា ទាំងអង់គ្លេសនិងគណបក្សអភិរក្សនិយម គឺត្រូវការការរួមរួម ដើម្បីដោះស្រាយវិបត្តិជាប់គាំងនយោបាយ។
គួរជ្រាបថា កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកចនសុន និងលោកស៊ូណាក់ ត្រូវបានគេចុះផ្សាយថា បានជួបតទល់តែ២នាក់ ដែលមាននិយាយពីការរកចំនុចរួម ស្នើបេក្ខជនរួមតែម្នាក់ ដើម្បីបញ្ចៀសកុំអោយមានការឈ្លោះប្រកែកគ្នានៅក្នុងបក្សនិងក្នុងសភា និងពិសេសដើម្បីពន្លឿនដោះស្រាយវិបត្តិនយោបាយឱ្យឆាប់ចប់។
នៅក្រោយការដកខ្លួនរបស់លោកចនសុន មហាសេដ្ឋីដើមកំណើតឥណ្ឌា លោក រីឈី ស៊ូណាក់ ត្រូវបានគេវិភាគថានឹងក្លាយជាអនាគតនាយករដ្ឋមន្ត្រីថ្មី ត្បិតថាលោកមានដៃគូប្រកួតប្រជែងមួយរូបទៀត គឺផេននី ម័រដូនត៍ អតីតរដ្ឋមន្ត្រីទំនាក់ទំនងសភាក៏ដោយ។
គួរបញ្ជាក់ថា យោងតាមនីតិវិធី បេក្ខជនឈរឈ្មោះម្នាក់ៗ ត្រូវតែទទួលបានការចុះហត្ថលេខាគាំទ្រពីសភាចំនួន១០០សំឡេងជាមុនសិនទើបអាចឈរឈ្មោះបាន។ យោងតាមគេហទំព័រ Guido Fawkes គឺលោក រីឈី ស៊ូណាក់ បានទទួលសម្លេងគាំទ្រចំនួន១២៨ ខណៈលោក បូរីស ចនសុន បានចំនួន៧២ រីឯលោកស្រី ផេននី ម័រដូនត៍ បានត្រឹម២៥ប៉ុណ្ណោះ។
ក្នុងករណីមានអ្នកឈ្នះដាច់ នោះបេក្ខជននោះនឹងចូលកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាមៗតែម្តងនៅសប្តាហ៍ក្រោយនេះ។ តែប្រសិនបើនៅសល់បេក្ខជនចុងក្រោយ២នាក់ នោះសមាជិកបក្សអភិរក្សនិយម ទាំង១៧ម៉ឺននាក់ទូទាំងប្រទេស ត្រូវបោះឆ្នោតតាមបណ្តាញអ៊ីនធ័រនិត នៅរវាងថ្ងៃទី២៨តុលាខាងមុខ៕ ដោយ៖ បណ្តូល ពេជ្រ