ប្រជាពលរដ្ឋ ១៥០គ្រួសារដែលរស់នៅលើទូកក្នុងសង្កាត់ជ្រោយចង្វារ ទទួលបានអំណោយពីសប្បុរសជន
ភ្នំពេញ ៖ លោក ឡី ហាសាន់ និងភរិយា អ្នកស្រី សំរស់ ដែលជាអ្នកជំនួញរស់នៅក្នុងភូ មិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នារសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ បាននាំយកអំណោយចែក ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន១៥០គ្រួសារដែលរស់នៅលើទូក តាមដងទន្លេសាប ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះ។

បើតាមការបញ្ជាក់របស់ លោក ឡី ហាសាន់ ការផ្ដល់អំណោយជូនប្រជាពលរដ្ឋនៅទីនោះ ដោយ សារ លោកចង់ចូលរួមជួយកាត់បន្ថយភាពខ្វះខាតរបស់បងប្អូន ដែលរស់នៅលើទូកទាំងអស់ក្នុងពេលរដូវទឹកជំនន់នេះ។ លោកបន្ថែមថា នៅក្នុងរដូវទឹកជំនន់នេះ ប្រជាពលរដ្ឋរស់នៅលើទូកដែលប្រកបរបរជាអ្នកនេសាទត្រីនោះ គឺអាចរកត្រីបានបន្ដិចបន្ដួចប៉ុននោះ សម្រាប់លក់ដូរយកប្រាក់កម្រៃចិញ្ចឹមជីវិត។ លោកហាសាន់បញ្ជាក់ថា ថវិកាដែលត្រូវចំណាយសម្រាប់រៀបចំអំណោយទាំងអស់នេះ ជា ថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារលោកទាំងអស់។

តំណាងប្រជាពលរដ្ឋ លោក អ៊ី យូ បានសម្ដែងការសប្បាយរីករាយ និងអរគុណជាអនេក ចំពោះលោក ហាសាន់ និងក្រុមគ្រួសារ ដែលបានយកអំណោយមកចែកជូនពួកគាត់ទាំង១៥០គ្រួសាររស់នៅលើទូកនេះ។ លោកបន្ដថា អំណោយទាំងអស់នេះពិតជាមានសារៈសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រោះក្នុងរដូវទឹកជន់នេះ ពួកគាត់នេសាទត្រីបានបន្ដិចបន្ដួចប៉ុននោះដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមបញ្ជាក់ថា អំណោយដែលលោក ហាសាន់ និងភរិយា សំរស់ ផ្ដល់ជូនប្រជាពលរដ្ឋ ១៥០គ្រួសារ នៅក្នុងពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម មីមួយកេះ និងទឹកត្រីមួយយួរ ហើយសរុបជាថវិកាចំណាយទាំងអស់សម្រាប់អំណោយទាំង ១៥០កញ្ចប់នេះ មានចំនួន ១១ លាន ៦សែន ៧ម៉ឺនរៀល។

បើតាមលោក ហាសាន់ ការចែកអំណោយនៅថ្ងៃនេះមិនមែនជាលើកទីមួយសម្រាប់គ្រួសាររបស់លោកនោះទេ ពោលគឺ លោក និងក្រុមគ្រួសារបានចែកអំណោយដែលជាថវិកាផ្ទាល់ខ្លួន ដល់ពលរដ្ឋខ្វះខាតជាច្រើនពាន់គ្រួសារមកហើយនាពេលកន្លងមក។ ក្រៅពីការចែកកញ្ចប់អាហារ លោកក៏បានផ្ដល់ថវិកាសម្រាប់មនុស្សធម៌ផ្សេងៗ និងចូលរួមថវិកាជួសជុលវិហាឥស្លាមបានមួយចំនួនផងដែរ៕ ង៉ាន់ ទិត្យ

