ខេត្ត​កោះ​កុងអាច​នឹង​មាន​រោង​ចក្រ​ដំឡើង​រថយន្ត​អគ្គិសនីដោយ​មាន​ការ​​វិនិយោគ​ពី​ក្រុមហ៊ុន​ចិន

អត្ថបទដោយ៖
CPA

កោះកុង៖ខេត្តកោះកុង អាច​នឹង​មាន​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី ដោយ​មាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile។

តាម​រយៈ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងែទី២២ ខែតុលាឆ្នាំ២០២២ អភិបាល​ខេត្ត​កោះកុងជា​មួយ​គណៈ​ប្រតិ​ភូត​វិនិយោគ​ចិន បាន​ពិភាក្សា​គ្នា​ស្ដី​ពី សក្ដា​នុ​ពល​នៃ​ការ​វិនិយោគ​លើ​វិស័យ​បច្ចេក​វិទ្យា ឧស្សាហកម្ម និង​គោល​បំណង​របស់​ក្រុមហ៊ុន​ចិន ក្នុង​ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនីនៅ​ខេត្ត​កោះកុង។

ជុំ​វិញ​រឿង​នេះ លោក សុខ សុទ្ធី អភិបាល​រង​ខេត្ត​កោះកុង បាន​ប្រាប់​ថា​ខាង​ខេត្ត​កោះកុង គឺ​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​ទាំង​អស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ការ​វិនិយោគ​ដំឡើង​រថយន្ត​អគ្គិសនី​នេះ វា​គ្រាន់​តែ​ជា​ការ​សិក្សា​ជំហាន​ដំបូង​មួយ​របស់​ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile ដើម្បី​មក​ពិភាក្សា​ការ​ងារ​ជា​មួយ​អាជ្ញាធរ​ខេត្ត​កោះកុង​តែ​ប៉ុណ្ណោះ។

លោក សុខ សុទ្ធីថា៖ «មិន​ទាន់​ដឹង​ទេ​ថា ក្រុមហ៊ុន​ត្រូ​វ​ចំណាយ​ដើម​ទុន​ប៉ុន្មាន ត្រូវ​សាង​សង់​ទី​កន្លែង​ណា គ្រាន់​ដែល​ថា​គាត់​មក​សិក្សា​អំពី​សក្ដានុពល​នៅ​កន្លែង​ហ្នឹង ប្រសិន​បើ​គាត់​ធ្វើ​ចឹង​មាន​ន័យ​ថា​ក្រុមហ៊ុន​ដែល​ផលិត​រថយន្ត​ដែល​ដើរ​ដោយ​អគ្គិសនី វា​យ៉ាង​ម៉េច​ដែរ? ហើយ​នឹងសិក្សា​មើល​ពីចំណុចសក្ដានុពល​របស់​កោះកុង»។

លោក​បន្ត​ថា ជា​ទូទៅ​ការ​សិក្សា​ពីរ​ចំណុច​របស់​ក្រុមហ៊ុន​នេះគឺ​ទី១. ទាក់​ទង​នឹង​ការ​ផលិត​នៅ​ខេត្ត​កោះកុង​នេះ វា​អាច​ទៅ​រួច​អត់ និង​ទី២. ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ពី​ដៃ​គូ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​ងារ​ក្នុង​វិស័យ​ផ្សេងៗ​នៃ​ខេត្ត​កោះកុង​នេះ​បន្ថែម​ទៀត។

លោក​បន្ថែម​ថា៖ «វា​ជា​រឿង​ល្អ ដែល​ប្រទេស​កម្ពុជា​យើង​មាន​ក្រុមហ៊ុន​រថយន្ត​ដំឡើង​អគ្គិសនី ពីព្រោះ​ជា​ការ​ទាក់​ទាញ​អ្នក​វិនិយោគ ដែល​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​ធ្វើ ហើយ​នឹង​ឃើញ​សក្ដានុពល​របស់​យើង​ប៉ុន្មាន គាត់​នឹង​សិក្សា​បន្ត​ទៀត»។

ចំណែកកញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ បានប្រាប់ថាប្រសិនបើក្រុមហ៊ុននេះ ចង់បោះទុននៅទីតាំងហ្នឹងវាជាកត្តាល្អមួយដែលមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជា នៅខាងខេត្តកោះកុង។

កញ្ញា ភួង កែវរស្មី បន្តថាថា៖  «យើងសង្ឃឹមថាគេជ្រើសរើសទីតាំងដែលអត់មានពាក់ព័ន្ធជាមួយហ្នឹង ទីកន្លែងរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់រស់នៅទីកន្លែងហ្នឹង អាចថាកុំឲ្យមាននៅបន្សល់ជម្លោះដីធ្លីរ៉ាំរ៉ៃការរំលោភដីធ្លីប្រជាពលរដ្ឋ»។កញ្ញាបន្តថា ពីព្រោះការបោះទុនវិនិយោគនៅស្រុកខ្មែរវាជាឱកាស បន្ថែមការងារដល់ប្រជាពលរដ្ឋ និងលើកតម្កើនសេដ្ឋកិច្ចជាតិ ហើយជាពិសេសឡានអគ្គិសនី វាមានប្រយោជន៍ច្រើនដែលកាត់បន្ថយរឿងផ្សែងបំពុលបរិស្ថាន។

កញ្ញារស្មី​បន្ថែម​ថា៖ «ប៉ុន្តែ​យើងអត់ទាន់ច្បាស់ថាឡានហ្នឹង យើង​លក់​នៅស្រុកខ្មែរឬក៏យកទៅលក់នៅស្រុកក្រៅឬយ៉ាងណា ពីព្រោះដោយសារតែយើងអត់ទាន់មានព័ត៌មានលំអិត» ។

រីឯលោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)បានប្រាប់ថា វាជារឿងមួយល្អសម្រាប់បរិស្ថាន និងផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋ ដែលជួយឲ្យរីកចម្រើនសេដ្ឋកិច្ចជាតិ។ ជាពិសេសទៅទៀត វាក៏បង្កើតឲ្យវិស័យឧស្សាហកម្ម កម្ពុជាបោះជំហានទៅមុខផងដែរ។

លោក ហេង គីមហុងថា៖ «ជុំវិញករណីនេះខ្ញុំយល់ថាកម្ពុជាឈានទៅរកពេលវេលាថ្មី នៃការពង្រីកវិស័យឧស្សាហកម្មរបស់ប្រទេសខ្លួនក៏គួរតែជំរុញឱ្យកិច្ចការទាំងអស់ហ្នឹងឱ្យកាន់តែលឿនរហ័សគោរពទៅតាមបទដ្ឋានស្ដង់ដារអន្តជាតិ»។

លោក​គីម​ហុងបន្ថែមថា ចំណែក​ឯ​តម្លៃ​ផ្នែក​សេដ្ឋកិច្ច​វិញ​ គឺ​​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឱកាស​ប្រើ​ប្រាស់​ផលិត​ផល​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ទាប ហើយ​ក៏​ងាយ​ស្រួល​ក្នុង​ការ​អាច​​មាន​ឱកាស​យក​រថយន្ត​មក​ប្រើ​ប្រាស់​ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​ប្រទេស​ជិត​ខាង​ជា​ដើម។

គិតត្រឹមឆ្នាំ​ឆ្នាំ២០២១ ខេត្ត​កោះកុង​មាន​ឧស្សាហកម្ម​ធុន​ធំ​ចំនួន ៧រោ​ងចក្រ សហគ្រាស មាន​ចំនួន​កម្មករ​និយោជិត​ចំនួន ១០,៨៤៣នាក់ ដែល​ក្នុង​នេះ​មាន​រោងចក្រ​ដំឡើង​រថយន្ត បង្គុំ​ខ្សែ​ភ្លើង គ្រឿង​អេឡិចត្រូនិក វាយ​នភ័ណ្ឌ​រោងចក្រ សម្លៀក​បំពាក់ និង​សម្ភារ​កីឡា៕ ដោយ៖ ជា សុខនី – ហោ សុវិទ្យា

ads banner