ឃើញខ្សែកធំ អត់ទ្រាំមិនបាន ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកខ្សែក) នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចច្រកចូលរោងកម្មករ ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ គឹម ភក្ត្រ័ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ណាត សុខឃើយ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងរោងកម្មករ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងទិញបាយ និងម្ហូប នៅចំណុចខាងលើ ស្រាប់ជនសង្ស័យ មកជិតជនរងគ្រោះ បានធ្វើសកម្មភាពឆក់យកខ្សែក ដែលមានទម្ងន់១តម្លឹងកន្លះ ពីករបស់ជនរងគ្រោះ ប៉ុន្តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ស្រែកថាចោរៗ រួចនាំគ្នាចាប់បានជនសង្ស័យបាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ជនសង្ស័យតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ