អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅបន្តតែចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន៣៥៩គ្រួសារ នៅទួលសុវត្ថិភាពចំនួន២ នៅខេត្តក្រចេះ
ក្រចេះ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់ឱ្យក្រុមការងារស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៣៥៩គ្រួសារ ក្នុងស្រុកចំនួន២ គឺទួលសុវត្ថិភាពឃុំព្រែកសាម៉ាន់ ស្រុកឆ្លួងចំនួន១៨៤គ្រួសារ និងទួលសុវត្ថិភាព នៅឃុំថ្មគ្រែស្រុកចិត្របុរី ចំនួន១៧៥គ្រួសារផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ឯកឧត្តម វ៉ា ថន ប្រធានកិត្តិយសសាខា និងឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាផងដែរ។
អំណោយដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ មី១កេស ត្រីខ១០កំប៉ុង អង្ករ២៥គីឡូក្រាម និងមុង១។ មានប្រសាសន៍នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត និងឯកឧត្តម វ៉ា ថន បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានេះ។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត និងឯកឧត្តម វ៉ា ថន បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ជាដើម។ល។
ក្នុងនោះឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញ ចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ ថែទាំសុខភាពឱ្យបានល្អ ទទួលទានអាហារឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ ត្រូវគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំចាស់ៗ ដែលស្តាប់ពុំឮ មើលពុំឃើញ សូមកុំឱ្យទៅក្បែរទឹក និងត្រូវមានការប្រុងប្រយត្ន័ចំពោះសត្វអសិរពិសផ្សេងៗនៅពេលទឹកឡើងនិងក្រោយស្រកទៅវិញ ជាពិសេសត្រូវមើលក្មេងតូចៗកុំឱ្យទៅលេងទឹក ដែលអាចបណ្តាលឱ្យលង់ទឹកស្លាប់ ធ្វើឱ្យក្រុមគ្រួសារមានវិប្បដិសារីអស់មួយជីវិត៕ធ.ដ
ដោយៈ ម៉េង គាង