សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ផ្ដល់ស្រូវពូជ និងស្បៀង ជូនពលរដ្ឋជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ផ្ដល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម និងស្បៀងមួយចំនួនជូនប្រជាកសិករប្រមាណ ៥,១៤៥គ្រួសារ រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ ។

អភិបាលស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ចេង ឡៃ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ បានរងការជន់លិចធ្ងន់ធ្ងរផងដែរ ដោយសារជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់មកពីតំបន់ដទៃទៀត។ ទឹកជំនន់ បានបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង/ស្រុក, ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លីទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។ ទឹកជំនន់ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ,ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង បង្គន់ចំនួន ២,៣១១កន្លែង។

លោក ចេង ឡៃ បានបន្តថា គ្រោះទឹកជំនន់នេះ បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ហិកតា,ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ហិកតា។ ទន្ទឹមនឹងការជន់លិចនេះ អាជ្ញាធរ និងកម្លាំងប្រដាប់អាវុធខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងដោះស្រាយការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលទឹកលិចនេះ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទក្រហមកម្ពុជា បានឆ្លើយតបស្បៀងសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,០៣២គ្រួសារ ក្នុងនោះស្រុកកណ្តៀងចំនួន ២០៥គ្រួសារ និងស្រុកក្រគរចំនួន ៨២៧គ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយ និងជំនះបញ្ហាដែលកើតមានដោយទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងការដាំដុះដំណាំផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន មិនភ្លេចនាំយកនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

សម្តេច បានមានប្រសាសន៍ថា ការដោះស្រាយជាស្បៀងនេះ ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជជូនកសិករជាដំណោះស្រាយរយៈពេលវែង។ សម្តេចតេជោបានថ្លែងថា ការចែកស្រូវពូជស្រូវនេះ មិនបានបែងចែករវាងដីតូ ឬដីធំនោះទេ គឺចែក១០០គីឡូក្រាមក្នុងមួយគ្រួសារស្មើៗគ្នាទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយរាជរដ្ឋាភិបាល ដែលទាំងអស់នេះជាការវប្បធម៌នៃការចែករំលែករបស់ខ្មែរយើង។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាពេលកន្លងមក ពីព្រោះកន្លងមក អ្នកខេត្តពោធិ៍សាត់ គឺមានអត្រាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងគេ។
សម្ដេចតេជោ បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់ នឹងបន្តបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាបន្តទៀត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបានបម្រើ ការពារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ សម្ដេច បញ្ជាក់ថា ច្បាស់ណាស់ ពួកប្រឆាំង និងបក្សដទៃគេថាខ្ញុំ ដើរឃោសនាបោះឆ្នោត បើជាក់ស្ដែងប្រជាពលរដ្ឋ នៅកន្លែងហ្នឹងគេបោះឆ្នោតឱ្យមែន។ ខ្ញុំ គ្រាន់ប្រាប់បន្ថែមថា បើបោះហើយ បោះនៅឆ្នាំក្រោយទៀត អត់មានអីខុសទេ។ ពេលមានអាសន្នអន់ក្រ គេថា ឃើញមុខដដែលៗ អើ អាមុខដដែលៗហ្នឹង វាយក អង្ករ ស្រូវពូជ មកជួយប្រជាជន ឥឡូវធ្វើមិច បើមុខអ្នកឯងមិនដឹកនៅណាផង ដល់ពេលបោះឆ្នោត ចាប់ផ្ដើមរកសន្លឹកឆ្នោត។ គេថា អ្នកកាន់អំណាច មុខដដែលៗ ប៉ុន្ដែយើងមើលពួកប្រឆាំង មុខដដែលៗដូចគ្នា។ សម្ដេចតេជោ បន្ដថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជារឿងដែលត្រឹមត្រូវណាស់ ព្រោះគណបក្សប្រជាជនកម្ពុជា តែងតែចុះទៅជួយប្រជាជនដោយផ្ទាល់ និងទាន់ពេលដែលប្រជាជនជួបការលំបាក។ សម្ដេចថា គណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណាឡើយ។

សម្តេចតេជោ ក៏បានប្រកាសដែរថា នៅថ្ងៃម្សិលមិញ កម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ដែលរយៈពេល ៥ថ្ងៃហើយ កម្ពុជាមិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩។ នេះជាភាពជោគជ័យមួយរបស់កម្ពុជា ជាពិសេស វិធានការទប់ស្កាត់ ក៏ដូចជាយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជា។ ទោះយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវ ឱ្យប្រជាពលរដ្ឋធ្វើការថែទាំសុខភាព និងមិនត្រូវមើលស្រាលលើកូវីដ១៩ ទោះបីជាប្រទេសកម្ពុជាបានធូរស្បើយយ៉ាងណាក៏ដោយ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រខ្មែរ ។ សម្តេចតេជោបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ ជនក្បត់ជាតិ មិនត្រឹមតែជេរសម្ដេចនោះទេ ថែមទាំងជេរប្រមាថដល់ព្រះមហាក្សត្រយើងទៀតផង។ ដូច្នេះសម្ដេច សូមប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ក្រោកឡើងប្រឆាំងជនក្បត់ជាតិ៣ជំនាន់នេះ មិនត្រូវឱ្យជនក្បត់ជាតិនេះ បំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ ៕ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner