ឯកឧត្តម ហ៊ុន ម៉ានី៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្ស៊ី»
ភ្នំពេញ៖ «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សី»។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុតរបស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។ “

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិរបស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។ “
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី សូមឲ្យទណ្ឌិត សម រង្ស៊ី បញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់ និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្ករបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយ ដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់ និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕
ដោយ៖ពលជ័យ
