អូស្ត្រាលីគ្រោងបង្កើនការចំណាយដ៏ច្រើនបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរហូតដល់ឆ្នាំក្រោយ ដើម្បីជួយអ្នកបាត់បង់ការងារ និងក្រុមហ៊ុន
អូស្រ្តាលី៖ រដ្ឋាភិបាលអូស្ត្រាលីនឹងបង្កើនការចំណាយដ៏ច្រើនបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរហូតដល់ឆ្នាំក្រោយ ដោយដាក់ចេញវិធានការតំលៃរាប់ពាន់លានដុល្លារ សំដៅទប់លំនឹងទីផ្សារការងារ ដោយសារតែការបិទក្រុមហ៊ុនអាជីវកម្ម បណ្តាលមកពីវិធានការការពារវីរុស COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។
ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ស្កត់ ម័ររីសុន បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភបន្ថែមនេះ សំរាប់ទាំងអ្នកអត់ការងារធ្វើ និងបណ្តាក្រុមហ៊ុនដែលខិតខំត្រដរក្សាទុកបុគ្គលិក លោកថា វាបន្តបើកជូនរហូតដល់ត្រឹមចុងឆ្នាំ និងអាចហួសពីនេះ ។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីជំរុញសេដ្ឋកិច្ចនេះ បានសង្គ្រោះក្រុមហ៊ុនហើយថែមទាំងបានជួយសង្គ្រោះជីវិតរស់នៅរបស់មនុស្ស ។
សូមបញ្ជាក់ថា រដ្ឋាភិបាលនឹងបង្កើនការចំណាយ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចលើកម្មវិធីគាំទ្រចំណូលចំនួន០២ ក្នុងទឹកប្រមាណ៨៦ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៦០ពាន់លានដុល្លារអាម៉េរិក ។ កន្លងមក រដ្ឋាភិបាលអូស្ត្រាលីក៏បានបញ្ចេញថវិការប្រមាណ៣០ពាន់លានដុល្លារម្តងរួចមកហើយ ដើម្បីជួយក្រុមហ៊ុនជិត១លាន ឱ្យអាចមានប្រាក់បើកប្រាក់ខែដល់បុគ្គលិក-និយោជិតប្រមាណ៣.៥លាននាក់ ៕



