ចិនព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឹងម៉ាត់ ក្រោយអង់គ្លេសគ្រោងព្យួរសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង
ចិន៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា អង់គ្លេសបានរំលោភបំពានច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានទំនាក់ទំនងអន្តរជាតិម្តងហើយម្តងទៀត ហើយថា បើសិនទីក្រុងឡុង នៅតែបន្តដើរនៅលើផ្លូវខុសនេះទៀតនោះ នឹងទទួលរងនូវផលវិបាក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។
ការព្រមានខាងលើនេះរបស់ចិន បានកើតមានឡើងក្រោយរដ្ឋាភិបាលអង់គ្លេសនៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនអាចនឹងព្យួរសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង ។ ជុំវិញសេចក្តីប្រកាសខាងលើនេះ ប្រទេសចិនបានថ្កោលទោសយ៉ាងខ្លាំងលើអង់គ្លេសថា កំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន ។
សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសចិន និងអង់គ្លេសនារយៈពេលចុងក្រោយនេះ កាន់តែមានភាពតានតឹងខ្លាំងឡើង ទាក់ទិននឹងច្បាប់សន្តិសុខជាតិថ្មី ព្រមទាំងការដាក់បម្រាមលើបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន ហូវៃ របស់ចិនផងដែរ ៕




