ប្រជាសហគមន៍នេសាទ ក្នុងខេត្តគោលដៅចំនួន២ ទទួលបានទូកម៉ាស៊ីនចំនួន៥០គ្រឿង ក្នុងមួយខេត្ត ៗ រួមនិងសំភារះប្រើប្រាស់មួយចំនួនទៀត
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត រួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អាជ្ញាធរមូលរដ្ឋាន បានរៀបចំពិធីប្រគល់ទូកម៉ាស៊ីនចំនួន១០០គ្រឿង រួមនិងសំភារះប្រើប្រាស់មួយចំនួនទៀត ចែកជូនប្រជាសហគមន៍នេសាទចំនួន៥០ ដែលអញ្ជើញមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលពិធីនេះបាន ប្រារព្វនៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រចេះ។
ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានលើកឡើងថា វិស័យជលផលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ សន្តិសុខស្បៀង អាហារូបត្ថម្ភ និងផ្តល់មុខរបរដល់ប្រជាពលរដ្ឋ។ ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គដំណាក់កាលទី៣” ក្នុងនោះសមាសភាគទី១ របស់គម្រោងគឺផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានរំលេចពីលទ្ធផលដែលគម្រោងសម្រេចបាននាពេលកន្លងមក ជាក់ស្តែងការចែកទូកម៉ាស៊ីននាថ្ងៃនេះគឺជាសក្ខីភាព ក្នុងនោះទូកម៉ាស៊ីនចំនួន ៥០គ្រឿងសម្រាប់សហគមន៍នេសាទចំនួន២៥ ក្នុងខេត្តក្រចេះ និង៥០គ្រឿងទៀតផ្តល់ជូនសហគមន៍នេសាទចំនួន២៥ ក្នុងខេត្តស្ទឹងត្រែង។ លើសពីនេះសហគមន៍នេសាទនឹងទទួលបានសម្ភារមួយឈុត និងថវិកាមួយចំនួនទៀតសម្រាប់ចំណាយលើប្រតិបត្តិការងាររបស់ខ្លួនឲ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម វេង សុខុន ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម អេងជាសាន្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ដែលបានសហការយ៉ាងល្អប្រសើរជាមួយនឹងដៃគូជាពិសេសជាមួយធនាគារពិភពលោក និងជាមួយសហគមន៍នេសាទរបស់យើង នៅក្នុងភូមិភាគឦសាននេះ ដូចអ្វីដែលបានរាយការណ៍អំពីវឌ្ឍនភាព នៃការរីកចម្រើន ក្នុងការគ្រប់គ្រងពង្រឹងសហគមន៍របស់យើងចំនួន៥០នៅក្នុងខេត្តទាំងពីរ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ។
ឯកឧត្តម រដ្ឋមន្ត្រីក៏បានជម្រុញឲ្យសហគមន៍ ក៏ដូចជារដ្ឋបាលជលផលនិងអាជ្ញាធរខេត្តត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែង រួមគ្នាដើម្បីអនុវត្តនូវអភិក្រមរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ឯកឧត្តម បញ្ជាក់ថា អភិក្រមរបស់ក្រសួងនោះយើងត្រូវរួមគ្នាក្នុងការអភិវឌ្ឍ មិនអាចធ្វើការទទួលតែម្នាក់ឯងបានទេក្នុងនោះយើងត្រូវតែចាប់ដៃគ្នា ជាមួយនឹងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ដើម្បីធ្វើការ អភិវឌ្ឍឲ្យបានទូលំទូលាយ ឈានឡើងទទួលបានផ្លែផ្កាល្អប្រសើរ ដែលបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គ្រួសារសហគមន៍ផង ក៏ដូចជាប្រជាជនដែលរស់នៅទូទាំងប្រទេស ។
ឯកឧត្តមជម្រុញឱ្យមន្ត្រីជំនាញនៃរដ្ឋបាលជលផល ត្រូវតែរឹតបន្តឹងចំពោះអ្នកដែលប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ត្រូវតែកសាងសំណុំរឿងរបស់អ្នកប្រព្រឹត្តិទៅតុលាការឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ដល់ធនធានធម្មជាតិរបស់យើង នៅពេលខាងមុខ ៕