ទីភ្នាក់ងារនុយក្លេអ៊ែរ អ.ស.ប. នឹងស៊ើបអង្កេតជុំវិញការអះអាងរបស់រុស្ស៊ី រឿងគ្រាប់បែកកខ្វក់
អ.ស.ប៖ ប្រធាននុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថ្លែងថា ខ្លួនកំពុងបញ្ជូនអ្នកត្រួតពិនិត្យទៅកាន់ទីតាំងចំនួនពីរក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានចោទប្រកាន់ថា មានសកម្មភាពទាក់ទងនឹងការផលិត “គ្រាប់បែកកខ្វក់” នៅទីនោះ ហើយរំពឹងថា ពួកគេនឹងឈានដល់ការសន្និដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬឆាប់ៗនេះ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្រ្គូស៊ី បាននិយាយថា ក្រុមអធិការកិច្ចមកពី IAEA នឹងធ្វើដំណើរក្នុងសប្តាហ៍នេះទៅកាន់ទីតាំងចំនួនពីរ ដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ តបតាមសំណើជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលអ៊ុយក្រែន។
លោក រ៉ាហ្វាអែល ហ្រ្គូស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា គោលបំណងនៃដំណើរទស្សនកិច្ចការពារនៅសប្តាហ៍នេះ គឺដើម្បីស្វែងរកសកម្មភាព និងសម្ភារៈនុយក្លេអ៊ែរ ដែលមិនអាចប្រកាសបាន ទាក់ទងនឹងការអភិវឌ្ឍន៍ “គ្រាប់បែកកខ្វក់”។
សូមរម្លឹកផងដែរថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់នៅក្នុងលិខិតមួយផ្ញើទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខក្នុងសប្តាហ៍នេះថា វិទ្យាស្ថានស្រាវជ្រាវនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែន នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិនៅទីក្រុងកៀវ និងរោងចក្រកែច្នៃ និងរុករករ៉ែ Vostochniy បានទទួលបញ្ជាផ្ទាល់ពីលោកប្រធានាធិបតី ហ្សេលេនស្គី ដើម្បីអភិវឌ្ឍគ្រាប់បែកកខ្វក់បែបនេះ៕ ប្រភព៖ AP ដោយ៖ ទីណា និងបុត្រា




